ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យលទ្ធភាព ផ្លូវច្រកទ្វារព្រំដែន ច១ ដើម្បីស្នើសុំគោលការណ៍ ទៅសម្តេចធិបតី នាយករដ្ឋមន្ត្រី បើកទៅជាច្រកតំបន់ ពាណិជ្ជកម្ម ក្រោយឯកភាព ជាមួយថៃ !

ពោធិ៍សាត់ ÷ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះសិក្សាប្លង់គោល និងពិនិត្យលទ្ធភាព ផ្លូវច្រកទ្វារព្រំដែន ច១ នៃឃុំថ្មដា ស្រុកវាលវែង ដើម្បីស្នើសគោលការណ៍ ទៅសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើការសម្រេចស្ថាបនាសាងសង់ ក្រោយរាជរដ្ឋាភិបាលកម្ពុជា-ថៃ ឯកភាពបើកដំណើរការច្រក ច១-ឆាំរ៉ាក អោយទៅជាច្រកតំបន់ ពាណិជ្ជកម្ម ក្នុងពេលឆាប់ៗខាងមុខនេះ ។

ការចុះសិក្សា និងពិនិត្យខាងលើនេះ គឺក្នុងគោលបំណងសំខាន់ ដើម្បីជម្រុញដំណើរការបើកច្រកតំបន់រវាងកម្ពុជា-ថៃ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង ទេសចរណ៍ ក៍ដូចជាដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋនិងអ្នកវិនិយោគ នៃប្រទេសទាំងពីរដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ អោយបានឆាប់រហ័ស។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអោយដឹងថា ច្រកព្រំដែន ច១ ដែលស្ថិតក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ច្រកព្រំដែន ឆរ៉ាក ដែលស្ថិតក្នុងភូមិឆរ៉ាក ឃុំលែមក្លាត់ ស្រុកត្រាត ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួលនិងឯកភាពគ្នា អោយដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម ។ សម្រាប់ភាគីខេត្ត និង ខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៍បាននិងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណះធ្វើអោយប្រសើរឡើង និងបង្កើនភាពស្និតស្នាល ឆ្លើយតបអោយបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ ។

លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្តថា ពិតណាស់ដំណើរការបើកច្រកព្រំដែន គឺមិនមានភាពងាយស្រួលនោះទេ តែបញ្ហាទាំងនោះយើងមិនអាចដាក់ ជាបញ្ហាធំនោះឡើយ ។ កត្តាដែលសំខាន់ច្រកព្រំដែនអាចដំណើរការ ទៅបានទាល់តែមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការខ្លះ ក៍ត្រូវមានការយោគយល់ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ។ លោកបន្តថាចំពោះផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលរងការខូចខាត ដោយទឹកភ្លៀងហូរច្រោះ យើងក៍មានកញ្ចប់ចវិកាស្ម័គ្រចិត្តពីសប្បុរសជន ហើយមន្ទីរសាធារណការ និងដឹកជញ្ជូន ប្ថេជ្ញាជួសជុលអោយបាន យ៉ាងយូររយះពេល ១ ខែអោយហើយរួចរាល់ ។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនោះនៅសាលាឃុំថ្មដា លោកអភិបាលខេត្តក៍បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យនិងពង្រឹង ការងារបង្រ្កាបបទល្មើស ធនធានធម្មជាតិ និងណែនាំកិច្ចការមួយចំនួន ដល់អាជ្ញាធរមូលដ្ឋានផងដែរ ៕

To Top