ព័ត៌មានអន្តរជាតិ

លោក Trump មានផែនការ ចំនួន៣ត្រៀម រួចទៅហើយ សម្រាប់ដោះស្រាយ បញ្ហានៅអ៊ុយក្រែន

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីប្រឹក្សារបស់លោក Donald Trump បានបង្ហាញគាត់នូវផែនការ ចំនួនបីសម្រាប់ការដោះស្រាយ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រភពដដែលបាននិយាយនៅក្នុងអត្ថបទមួយ កាលពីថ្ងៃពុធថា ទោះបីជាមានភាពខុសប្លែកគ្នាខ្លះក៏ដោយ សំណើទាំងអស់រួមមានទីក្រុងគៀវ ដែលប្រគល់ទឹកដី ទៅឱ្យទីក្រុងមូស្គូ និងការបោះបង់ចោល នូវសេចក្តីប្រាថ្នា របស់ខ្លួនក្នុងការចូលរួមជាមួយ អង្គការណាតូជាដើម។

អតីតមន្ត្រីសន្តិសុខជាតិរបស់លោក Trump ដែលជាប់ពាក់ព័ន្ធក្នុងការផ្លាស់ប្តូររដ្ឋាភិបាលដែលកំពុងបន្តនៅអាមេរិក បានប្រាប់រ៉យទ័រថា ផែនការមួយបានមកពីបេសកជនរុស្ស៊ី-អ៊ុយក្រែន របស់ប្រធានាធិបតីជាប់ឆ្នោត គឺឧត្តមសេនីយ៍ឯក Keith Kellogg និងគឺជាអតីតកងទ័ព ចូលនិវត្តន៍ម្នាក់ដែរ។

គួរឲ្យដឹងដែរថា ក្នុងនោះគេសង្កេតឃើញថា ដំណោះស្រាយពីរផ្សេងទៀត ត្រូវបានបង្កើតឡើង ដោយអនុប្រធានាធិបតី ជាប់ឆ្នោត J.D. Vance និងអតីតប្រធានចារកម្ម ស្តីទីរបស់លោក Trump គឺលោក Richard Grenell រៀងគ្នា នេះបើយោងតាមមន្ត្រី ។

រំលឹកឡើងវិញដែរថា កាលពីអំឡុង យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីរបស់គាត់ លោក Trump បានអះអាងម្តង ហើយម្តងទៀតថា លោកនឹងបញ្ចប់ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ក្នុងរយៈពេល២៤ម៉ោង ប៉ុណ្ណោះប្រសិន បើលោកត្រូវបានជាប់ឆ្នោតឡើងវិញ ប៉ុន្តែមិនដែលពន្យល់ថា តើលោកនឹង សម្រេចបាននូវចំណុចនេះ យ៉ាងពិតប្រាកដនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top