សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ ប្រឆាំងដ៏សំខាន់ (DP) បានឲ្យដឹងថា ខ្លួននឹងជំរុញឱ្យមានការបោះឆ្នោតនៅថ្ងៃសៅរ៍ សម្រាប់ចលនាចោទប្រកាន់ប្រឆាំង នឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក និងការដកច្បាប់នោះចេញវិញ យ៉ាងប្រញ៉ាប់ ដែលធ្វើឲ្យប្រទេសមួយនេះ មានភាពចលាចលជាខ្លាំង។
គណបក្ស DP និងគណបក្សប្រឆាំង តូចតាចចំនួន ៥ផ្សេងទៀត បានដាក់សំណើ ចោទប្រកាន់ ដោយលើកហេតុផលថា ការប្រកាសច្បាប់អាជ្ញាសឹក របស់លោក Yoon គឺជាការបំពានរដ្ឋធម្មនុញ្ញ និង ច្បាប់ផ្សេងទៀត។ លោក Yoon បានប្រកាស ច្បាប់ អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារដោយលើកឡើងពីសកម្មភាព “ប្រឆាំងរដ្ឋ” ដោយក្រុមប្រឆាំង។ វាត្រូវបានប្រកាសឡើង ៦ម៉ោងក្រោយពីត្រូវបានសមាជិកសភា ១៩០រូបបដិសេធក្នុងសភា។
លោក Cho Seung-rae អ្នកនាំពាក្យ រងរបស់គណបក្ស DP បានឲ្យដឹងថា ខ្លួនគ្រោង នឹងធ្វើការបោះឆ្នោត លើសំណើនេះ នៅម៉ោងប្រហែល ៧ យប់ថ្ងៃសៅរ៍ ដើម្បីអនុញ្ញាត ឱ្យសមាជិកសភាគ ណបក្សកាន់អំណាច មានពេលវេលាគ្រប់គ្រាន់ ដើម្បីពិចារណាលើការសម្រេចចិត្តរបស់ពួកគេលើសកម្មភាពរបស់លោក Yoon ។
សំណើនេះ ត្រូវបានរាយការណ៍ទៅ សម័យប្រជុំពេញអង្គ នៃរដ្ឋសភានៅព្រឹកថ្ងៃពុធ ។ នៅក្រោមច្បាប់ ចលនាចោទ ប្រកាន់ ត្រូវតែដាក់ឱ្យបោះឆ្នោតក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីត្រូវបានគេរាយការណ៍ ។ សំឡេងភាគច្រើនពីរ ភាគបីត្រូវបានទាមទារ ដើម្បីអនុម័តញត្តិនេះ ដែលត្រូវការការគាំទ្រពីសមាជិកសភាយ៉ាងតិច ៨នាក់នៃគណបក្ស អំណាចប្រជាជន (PPP)។
មេដឹកនាំ PPP លោក Han Dong-hoon បានសន្យាថានឹងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការអនុម័តនៃចលនានេះ ដែលនឹងព្យួរតួនាទីជាប្រធានាធិបតី របស់លោក Yoon ភ្លាមៗ។ គណបក្ស DP បានឲ្យដឹងថា ខ្លួនក៏នឹងព្យាយាមធ្វើការ បោះឆ្នោតឡើងវិញលើវិក័យប័ត្រដែលអំពាវនាវឱ្យមានការស៊ើបអង្កេតពីទីប្រឹក្សាពិសេសលើការចោទប្រកាន់អំពើពុករលួយ និងការជ្រៀតជ្រែកការបោះឆ្នោតរបស់ជំទាវទី១ Kim Keon Hee រួមជាមួយនឹងការបោះឆ្នោតចោទប្រកាន់ នៅថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា