ព័ត៌មានអន្តរជាតិ

លោក Donald Trump បានតែងតាំង មហាសេដ្ឋីផ្នែកទេស ចរណ៍លើអវកាស ជាប្រធានអង្គការ NASA

RT News

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានតែងតាំងលោក Jared Isaacman ដែលជានាយកប្រតិបត្តិមហាសេដ្ឋី នៃក្រុមហ៊ុនទូទាត់ប្រាក់ Shift4 ដែលបានដឹកនាំការហោះហើរ អវកាសឯកជនចំនួនពីរ និងបានធ្វើការដើរលើលំហ ឱ្យធ្វើជាប្រធានបន្ទាប់របស់ NASA ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Isaacman អាយុ ៤១ ឆ្នាំគឺ ជាសហការីជិតស្និទ្ធរបស់មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX ។ ឥឡូវនេះ លោកស្ថិតក្នុងជួរ ដើម្បីជំនួសអ្នកគ្រប់គ្រង បច្ចុប្បន្នគឺលោក Bill Nelson ដែលត្រូវបានតែងតាំង ដោយប្រធានាធិបតី ដែលផុតអាណត្តិ Joe Biden ក្នុងឆ្នាំ ២០២១ ហើយដែលបានធ្វើដំណើរ ទៅកាន់គន្លងតារាវិថីផងដែរ ដែលជាផ្នែកមួយ នៃបេសកកម្មយាន អវកាសក្នុងឆ្នាំ ១៩៨៦ ។

លោក Trump បានសរសេរកាលពីថ្ងៃពុធនៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថា “Jared នឹងជំរុញបេសកកម្ម នៃការរកឃើញ និងការបំផុសគំនិតរបស់ NASA ដោយត្រួសត្រាយផ្លូវ សម្រាប់សមិទ្ធិផល ដ៏អស្ចារ្យនៅក្នុងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការរុករក” ។

លោក Isaacman បាននិយាយថា លោកមានកិត្តិយសណាស់ ដែលទទួលបានការតែងតាំង ហើយទន្ទឹងរង់ចាំក្នុងការជួយ “ដឹកនាំក្នុងសម័យដែលមនុស្សជាតិ ក្លាយជាអរិយធម៌ដ៏ឆ្ងាយពិត”។

លោកបានសរសេរនៅលើ X ថា “ដោយមានការគាំទ្រ ពីប្រធានាធិបតី Trump ខ្ញុំអាចសន្យាជាមួយអ្នក ៖ គឺយើងនឹងមិន បាត់បង់សមត្ថភាព របស់យើងម្តងទៀតក្នុងការធ្វើដំណើរទៅកាន់ផ្កាយហើយមិនឈរនៅលំដាប់ទីពីរនោះទេ” ដោយបន្ថែមថា “ជនជាតិអាមេរិក នឹងដើរលើព្រះច័ន្ទ និងភពព្រះអង្គារ។ ហើយបើធ្វើដូច្នេះ យើងនឹងធ្វើឲ្យជីវិត នៅលើផែនដីនេះ កាន់តែប្រសើរ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top