ព័ត៌មានជាតិ

កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ដោយធានាការពារ បាននូវសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៥ ធ្នូ នេះ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តីឡាវ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ ដោយធានាការពារ បាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ។

នាឱកាសនោះ សម្តេច ប្រធានរដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចទៅវិញ ទៅមកជាបន្តបន្ទាប់។

សម្តេច ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជនទំាងពីរមិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ថែមទៀតផង។

ជាមួយគ្នានេះ សម្តេច ក៏បានអបអរសារទរពីការរីកចម្រើន របស់ប្រទេសឡាវ ពិសេសការកសាងផ្លូវគមនាគមន៍រថភ្លើងល្បឿនលឿន ដែលប្រកបដោយសក្តានុពល ដល់ការរីកចម្រើនខាងសេដ្ឋកិច្ច ដែលនោះបានធ្វើឱ្យមិត្តឡាវ ប្រែក្លាយពីប្រទេសដែលមិនមានការតភ្ជាប់ ទៅជាប្រទេសមានការតភ្ជាប់ (A Landlocked to a Land-linked country)។

លោកបណ្ឌិត សនសៃ ស៊ីផាន់ដន បានអបអរសាទរពីភាពជោគជ័យ បន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់ អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិង នីតិប្រតិបត្តិ។ ជោគជ័យទំាងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់ របស់កម្ពុជានៅលើឆាកអន្តរជាតិ។

សម្តេច ប្រធានរដ្ឋសភា និងប្រមុខរដ្ឋាភិបាលឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍ ការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទំាពីរ ក៏ដូចជាការតភ្ជាប់ ប្រទេសទំាងពីរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ ផងដែរ៕

To Top