ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង ស្តីពីជំនួយ ៣៥ពាន់លានអឺរ៉ូ ដែលបានពីទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់រុស្ស៊ី

AFP
" "

គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ដើម្បីទទួលបានប្រាក់រហូតដល់ ៣៥ ពាន់លានអឺរ៉ូ (ប្រហែល ៣៦,៧ ពាន់លានដុល្លារអាមេរិក) នៅក្នុងជំនួយហិរញ្ញវត្ថុម៉ាក្រូ (MFA) នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងប្រាក់កម្ចីត្រូវបាន ចុះហត្ថលេខាដោយ ប្រធានធនាគារជាតិអ៊ុយក្រែនលោក Andriy Pyshnyy រដ្ឋមន្ត្រីហិរញ្ញវត្ថុ Sergii Marchenko និងអនុប្រធានគណៈកម្មការអឺរ៉ុប Valdis Dombrovskis ។ នៅក្រោមកិច្ចព្រមព្រៀង មូលនិធិនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចី ក្រោមក្រុមនៃប្រាក់កម្ចីបង្កើនល្បឿនប្រាក់ចំណូល វិសាមញ្ញរបស់ក្រុមប្រទេសទាំង៧ សម្រាប់អ៊ុយក្រែនដែលគាំទ្រ ដោយប្រាក់ចំណូលនាពេលអនាគត ពីទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ី ដែលបានបង្កកនៅក្នុងសហភាពអឺរ៉ុប។

" "

ក្រសួងបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនប្រើប្រាស់ធនធានក្នុងស្រុក ដើម្បីសងប្រាក់កម្ចីនោះទេ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាត្រូវបានគេរំពឹងថាមូលនិធិ MFA ទាំងអស់សម្រាប់អ៊ុយក្រែននឹងស្ថិតនៅ លើមូលដ្ឋានមិនអាចសងវិញបាននោះទេ” ដើម្បីទទួលបានមូលនិធិនេះ អ៊ុយក្រែនត្រូវតែបំពេញលក្ខខណ្ឌចំនួន ១៤ រួមទាំងកំណែទម្រង់ក្នុងស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ សហគ្រាសរដ្ឋ រដ្ឋបាលសាធារណៈ ថាមពល នីតិរដ្ឋ ការប្រឆាំងអំពើពុករលួយ និងឧស្សាហកម្មការពារជាតិ។ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះទ្រង់ទ្រាយធំជាមួយរុស្ស៊ីមក អ៊ុយក្រែនបានទទួលជំនួយថវិកាប្រហែល ៤០,៥ ពាន់លានដុល្លារពីសហភាពអឺរ៉ុប ៕

" "

ប្រែសម្រួល ឈូក បូរ៉ា

To Top