ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម» ។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាថ្ងៃ៤ ធ្នូ។
នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី និង បុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយ ដោយត្រូវលើកកម្ពស់សមត្ថភាព ដោយត្រូវពង្រឹងសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ក្នុងការដើរឱ្យទាន់សម័យកាលឌីជីថល ។
ទន្ទឹមនៃការចុះពិនិត្យនេះ សាស្រ្តាចារ្យ បានសង្កេតឃើញថា អ្នកជំងឺលើសឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់ ដែលសាស្រ្តាចារ្យ បានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើលំហាត់ប្រាណ ជាប្រចាំថ្ងៃដើម្បីសុខភាព ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ ដោយបានផ្តល់អនុសាសន៍ជាមួយចំនួន៖ ត្រូវលើកកម្ពស់សមត្ថភាពបុគ្គលិក ដោយត្រូវធ្វើការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ (In-service training) ឲ្យបានច្រើនដល់គ្រូពេទ្យជំនាន់ក្រោយ ។
ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការងារឲ្យបានល្អ ។ ដូចជាតួនាទីគិលានុបដ្ឋាកយិកាម្នាក់ ដែលមានទំនួលខុសខ្ពស់ និងស្វែងយល់ពីស្ថានភាពអ្នកជំងឺបានយ៉ាងច្បាស់លាស់ អាចរាយការណ៍ជូនក្រុមការងារព្យាបាល បានយ៉ាងល្អ ។ ត្រូវរក្សាអនាម័យឱ្យបានប្រសើរជាប្រចាំ ដោយត្រូវយកគំរូ និងបទពិសោធន៍ក្នុងការថែរក្សាបរិស្ថាន និងអនាម័យល្អ ពីមន្ទីរពេទ្យជាតិដែលមានស្តង់ដាល្អស្រាប់ ។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា សហការគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវមានភាពស្មោះត្រង់ ជាមួយវិជ្ជាជីវ: និងស្មោះត្រង់ជាមួយប្រជាជន ៕