ព័ត៌មានអន្តរជាតិ

កងទ័ពស៊ីរី បង្កើនការប្រយុទ្ធប្រឆាំង នឹងក្រុមឧទ្ទាម ដោយបានសម្លាប់ ក្រុមសកម្មប្រយុទ្ធជាង ៣០០នាក់

AFP

ដាម៉ាស់៖ កងកម្លាំងកងទ័ពស៊ីរី បានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅក្នុងខេត្ត Hama ភាគកណ្តាលប្រទេស ប្រឆាំងនឹងក្រុមឧទ្ទាមដែលភាគច្រើនជាក្រុម Hayat Tahrir al-Sham (HTS) ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣០០ នាក់ នេះបើយោងតាមក្រសួងការពារជាតិប្រទេសស៊ីរី។

ក្រសួងបានឲ្យដឹងថា អង្គភាព នៃកងទ័ពស៊ីរី ដែលដាក់ពង្រាយតាមខ្សែបន្ទាត់ជួរមុខនៅតំបន់ជនបទភាគខាងជើងខេត្ដ Hama បាននិងកំពុងប្រយុទ្ធចាប់តាំង ពីព្រឹកប្រឆាំងនឹងអង្គការភេរវករប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយក្រុម HTS ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងរបស់យើង កំពុងផ្តោតលើការប្រមូលផ្តុំ ភេរវករយ៉ាងស៊ីជម្រៅ និង ក្បួនរថយន្តរបស់ពួកគេទាំងអស់ ដោយប្រើកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងយន្តហោះចម្បាំងស៊ីរី-រុស្ស៊ីរួមគ្នា” ។

ប្រភពបន្ដថា “ប្រតិបត្តិការទាំងនេះ បានបណ្តាលឱ្យមានការលុបបំបាត់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣០០ នាក់ រួមទាំងជនបរទេស និងការទម្លាក់ និងបំផ្លាញយន្តហោះ គ្មានមនុស្សបើកជាង ២៥ គ្រឿង” ដោយបន្ថែមថា ការពង្រឹងត្រូវបានបញ្ជូនទៅដើម្បីពង្រឹងជួរមុខ និងការពារការរីកចំរើន របស់ពួកឧទ្ទាមបន្ថែមទៀត។

លោក Rami Abdulrahman នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្រុម HTS និងក្រុមសម្ព័ន្ធមិត្តកំពុងឈានទៅមុខពីរណសិរ្សចំនួនបី គឺខាងជើង ឦសាន និងខាងលិច ក្នុងការប៉ុនប៉ង ឆ្ពោះទៅកាន់ទីក្រុង Hama ។ លោកលើកឡើងថា “ខេត្ដ Hama គឺជាសមរភូមិនៃការបំផ្លាញ នោះហើយជាមូលហេតុ ដែលមានយុទ្ធនាការប្រព័ន្ធ ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ៕

To Top