ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្ម Minebea នឹងដំណើរការរោងចក្រថ្មី នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ខាងមុខ

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុន ផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្ម បានបញ្ជាក់ថា ក្រុមរបស់លោកកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ។

នេះជាការបញ្ជាក់របស់លោកអគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោកអគ្គនាយកក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូង នៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួន ជាបន្តបន្ទាប់រហូតមក។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។

លោកអគ្គនាយកក្រុមហ៊ុន ក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះ នឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។

ការណ៍នេះបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជា ក៏មានកម្លាំងពលកម្ម ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។

ការណ៍នេះ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានាសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ស្ពាន, និងការកសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

To Top