ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានចូលរួមដាក់បង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សាររាត្រីសាន់សាញ បឹងកក់ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អង្គការ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យវារីវប្បកម្មជាច្រើនផ្សេងទៀតផងដែរ។
ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម វារីវប្បករ អ្នកផលិតពូជ សហគ្រាសកែច្នៃទៅដល់អ្នកប្រើប្រាស់ និងបង្កើនការយល់ដឹងទៅដល់សាធារណជន អំពីគុណភាពផលិតវារីវប្បកម្មរបស់កម្ពុជា តាមរយៈការតាំងបង្ហាញផលិតផលវារីវប្បកម្មស្រស់ និងកែច្នៃ ការភ្លក្សម្ហូបដែលចម្អិនពីត្រីចិញ្ចឹម និងការចែករំលែកព័ត៌មានវិធីសាស្ត្រផលិតផងដែរ៕