ហ្សាការតា៖ សាកសពចំនួន ០៥នាក់ ត្រូវបានរកឃើញហើយ និងចំនួន ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើតឡើងភ្លាមៗដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរាប់រយខ្នង នៅក្នុងខេត្តជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី ។
លោក Hadi Rahmat អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារបានបំផ្លាញផ្ទះអស់ចំនួន ៥៨៩ខ្នង និងបង្ខំឱ្យពលរដ្ឋចំនួន ១.៤០០នាក់ត្រូវជម្លៀសខ្លួនចេញនៅក្នុងខេត្ត Sukabumi ។ លោកបានលើកឡើងទៀតថា គ្រោះមហន្តរាយនេះក៏បានបណ្តាលឲ្យបាក់ស្ពានចំនួន១០ កន្លែងដែលរំខានដល់ការធ្វើដំណើររបស់អ្នកស្រុកផងដែរ ។
លោកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា #សាកសពជនរងគ្រោះចំនួន ០៥នាក់ត្រូវបានគេរកឃើញ ។ ការស្វែងរកអ្នកបាត់ខ្លួនកំពុងដំណើរការនៅឡើយ ដែលកាលពីមុនមានមនុស្សចំនួន ៤នាក់ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួន ប៉ុន្តែឥឡូវនេះចំនួនអ្នកបាត់ខ្លួនបានកើនឡើងដល់ ៧នាក់” ។
លោក Rahmat បានពន្យល់ថា ក្នុងចំណោមអ្នកបាត់ខ្លួនទាំង ៧នាក់នោះ មាន ៥នាក់ជាជនរងគ្រោះដោយសារគ្រោះបាក់ដី ខណៈមូលហេតុនៃការបាត់ខ្លួនសម្រាប់ ២នាក់ទៀតមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា