Covid-19

អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់យុទ្ធនាការ ផ្សព្វផ្សាយ សេចក្តីណែនាំរបស់​ក្រសួងសុខាភិបាល ជំហ៊ានទី១និងត្រៀមបន្តផ្សព្វផ្សាយ ជំហ៊ានទី២ជាបន្ត! (វីដេអូ)

អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់យុទ្ធនាការ ផ្សព្វផ្សាយ សេចក្តីណែនាំរបស់​ក្រសួងសុខាភិបាល

អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់យុទ្ធនាការ ផ្សព្វផ្សាយ សេចក្តីណែនាំរបស់​ក្រសួងសុខាភិបាល ជំហ៊ានទី១និងត្រៀមបន្តផ្សព្វផ្សាយ ជំហ៊ានទី២ជាបន្ត!

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 7 មេសា 2020

ភ្នំពេញ៖ គិតតាំងពីថ្ងៃទី៣១ ខែមីនា ដល់ត្រឹមថ្ងៃ០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បី១២គ្រឿង ដែលមានបំពាក់ដោយគ្រឿង បំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយ នូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដល់បណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ក្នុងមួយថ្ងៃចំនួន២ខណ្ឌ សរុប១៤ខណ្ឌ ត្រូវបានបញ្ចប់យុទ្ធនាការ របស់ខ្លួនក្នុងជំហ៊ាន១ រួចរាល់ និងត្រៀមចេញផ្សព្វផ្សាយ សារឡើងវិញ តាមបណ្តាខណ្ឌទាំ១៤ ក្នុងជំហាន២ជាបន្តទៀត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ខាងមុខតទៅ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយបានទទួលការអនុញ្ញាត ពីលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានផ្សព្វផ្សាយ នូវវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជម្ងឺឆ្លងកូវីដ-១៩ ដល់កម្លាំងក្រោមឱវាទ ទូទាំងរាជធានីអស់រយៈពេល ជាច្រើនថ្ងៃមក អាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបចំ ម៉ូតូកង់បីរបស់ខ្លួនចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពង ឃោសនសព្ទ បើកបរដោយកម្លាំងចំនួន ២៤នាក់ សហការជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ចម្រុះផ្សេងៗទៀត ចុះធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ជាបន្តបន្ទាប់នេះ គឺក្នុងគោលបំណង ចូលរួមផ្សព្វផ្សាយ ឲ្យប្រជាជនមហាជន បានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ១៩ ទាំងអស់គ្នា តាមការអំពាវ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបើទោះបីផែនការត្រូវបានបញ្ចប់ដោយជោគជ័យទៅហើយក្តី តែដើម្បីជាការពញ្ញាក់ស្មារតី ទើបអាវុធហត្ថរាជធានីភ្នំពេញ នឹងបន្តធ្វើការផ្សព្វផ្សាយឡើងវិញ នៅតាមបណ្តាមូលដ្ឋានខណ្ឌទាំង១៤ ជាជំហ៊ាន២បន្តទៀតផងដែរ៕

To Top