ភ្នំពេញ ៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីឈ្មោល១ក្បាល ទំងន់២០០គីឡូក្រាម មានអាការៈហើមជើង ដែលមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ នាយប់នេះ ។ នេះបើតាមការចេញផ្សាយ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។
គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាល នៅសួនសត្វភ្នំតាម៉ៅបន្ថែមទៀត។
លោកអនុប្រធានមន្ទីរបញ្ជាក់ថា “យើងចេញដំណើរ នៅយប់នេះ ពីព្រោះវាត្រជាក់, យើងមានមន្ត្រីជំនាញ ទៅតាមជាមួយដើម្បីថែរក្សា និងមើលសុខភាពសត្វ(កូនដំរី)នៅតាមផ្លូវ”។
គួរបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច -លំផាត់ នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី៨ ខែធ្នូ បានប្រទះឃើញកូនសត្វដំរីព្រៃ១ក្បាល អាយុប្រ ហែល៥ខែ ទំងន់ប្រហែល២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំមករកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ នៃដែនជម្រកសត្វ ព្រៃលំផាត់ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ភ្លាមៗនោះមន្ត្រីឧទ្យានុរក្សបាននាំគ្នាស្ទាក់ព័ទ្ធចាប់កូន ដំរីនោះ រួចបានពិនិត្យឃើញ មានស្នាមរបួសនៅត្រង់ចំណុច កជើងមុខខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យ លើមុខរបួសដោយយកចិត្តទុកដាក់ បានសន្និដ្ឋានថា គឺរបួសដោយសារជាប់អន្ទាក់។ ចំពោះសុខភាពកូនសត្វដំរីឈ្មោល១ក្បាល ខាងលើគឺនៅមានកំលាំងមាំមួននៅឡើយ។
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ បានមើលថែរក្សាកូនដំរីនោះនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែន ជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មុនពេលដឹកយកទៅភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ៕