កាប៊ុល៖ ទីភ្នាក់ងារការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងចែកចាយសម្ភារៈសង្គ្រោះដែលផ្តល់ដោយប្រទេសចិនដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលរងគ្រោះដោយជម្លោះជាង ១៧៥.០០០នាក់ នៅទូទាំងប្រទេស នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
យោងតាម UNHCR សម្ភារៈជំនួយរួមមាន ឈុតផ្ទះបាយ ភួយ កំប៉ុង និងក្រណាត់ជ័រ នឹងត្រូវចែកចាយដល់គ្រួសារជាង ២៧.៥០០ ឬស្មើនឹងជាង ១៧៥.០០០នាក់ នៅទូទាំងប្រទេសដែលរងគ្រោះដោយសង្រ្គាម ។
ស្វាគមន៍ជំនួយមនុស្សធម៌របស់ប្រទេសចិន លោក Arafat Jamal តំណាងអង្គការ UNHCR ប្រចាំប្រទេសអាហ្វហ្គានីស្ថាន មានលើកឡើងថា “យើងពិតជាមានអំណរគុណយ៉ាងក្រៃលែងចំពោះការគាំទ្រដ៏សំខាន់នេះ ពីជំនួយរបស់ប្រទេសចិន ដែលបានអនុញ្ញាតឲ្យ UNHCR គាំទ្រដល់គ្រួសារជនភៀសខ្លួនដែលកំពុងជួបការលំបាកក្នុងគ្រាលំបាក ដើម្បីឲ្យពួកគេអាចបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេបាន” ។
ប្រទេសចិន បានជួយដល់អាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងសម្ភារៈជំនួយសង្គ្រោះសំខាន់ៗ ដែលត្រូវបានចែកចាយក្នុងចំណោមគ្រួសារក្រីក្រ និងរងគ្រោះដោយគ្រោះធម្មជាតិនៅក្នុងប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា