ព័ត៌មានជាតិ

អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យដឹងថា អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការប្រកាសឱ្យដឹងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភារាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបនេះ លោកអាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ លោកបានសម្តែងក្តីរីករាយ ក្នុងការទទួលនិងជួប សម្តេចតេជោ ដោយផ្ទាល់។

លោកអាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ បានបញ្ជាក់ថាការលើកឡើងនេះរបស់ សម្តេចតេជោ មានសារៈសំខាន់ណាស់ ហើយលោកនឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។

លោកបានបញ្ជាក់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ»។

លោក បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់ អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។

លោក ក៏សូមស្វាគន៍ចំពោះសំណូមពររបស់សម្តេច ពាក់ព័ន្ធនឹងអាហារូបករណ៍ផ្តល់ដល់យុវជនកម្ពុជា នឹងការរៀបចំឱ្យមានការប្រកួតកីឡារវាងប្រទេសទាំងពីរ នៅអារ៉ាប៊ីសាអូឌីត ព្រមទាំងរីករាយនឹងធ្វើការជាមួយសម្តេចតេជោ។

លោកបន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួលបន្ទុកជាមួយនឹងកម្ពុជាក៏ប៉ុន្តែ ទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។

លោកបញ្ជាក់ថា គណៈកម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យបានច្រើននៅពេលអនាគត។ លោក បានសម្តែងនូវក្តីរីករាយក្នុងការទទួលយក ការអញ្ជើញរបស់សម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ៕

To Top