ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ ជាច្រើនលើកលើទីតាំង យោធារបស់ស៊ីរី

AFP

យេរ៉ូសាឡឹម ៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ សំដៅលើនាវាកងទ័ពជើងទឹកស៊ីរី ដែលចូលចតនៅកំពង់ផែ Latakia និងឃ្លាំងយោធានៅក្នុងតំបន់ឆ្នេរ នេះបើយោងតាមអ្នកឃ្លាំមើលសង្គ្រាម ។

ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានវាយលុកឃ្លាំងអាវុធ នៅក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ដែលហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងជាប្រព័ន្ធដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធយោធា ដែលនៅសេសសល់របស់ប្រទេសស៊ីរី បន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាលលោក បាសា អាល់អាសាដ។

លើសពីនេះទៀត ការវាយប្រហារតាមអាកាស បានកំណត់គោលដៅកងពលតូចទី១១២ រវាងទីក្រុង Sheikh Miskin និងទីក្រុង Nawa នៅភាគខាងលិចនៃខេត្ត Daraa ក៏ដូចជាឃ្លាំងយោធានៅជិតទីក្រុង Mahja នៅភាគខាងជើង ខេត្ដ Daraa ។

ក្រុមសង្កេតការណ៍បានបន្ថែមថា ជនស៊ីវិលពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើកងពលតូចទី១២ នៅក្នុងទីក្រុង Izraa នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមក្រុមសង្កេតការណ៍ ការវាយប្រហារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់អ៊ីស្រាអែល ក្នុងការធ្វើឱ្យខូចសមត្ថភាពយោធារបស់ប្រទេសស៊ីរី ដោយការបំផ្លាញជាប្រព័ន្ធនូវឧបករណ៍ និងបរិក្ខាររបស់ខ្លួន រួមទាំងប្រព័ន្ធរ៉ាដា មីស៊ីលរយៈចម្ងាយឆ្ងាយ និងមូលដ្ឋានទ័ពអាកាស។

អ្នកឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានកត់សម្គាល់ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅលើទីតាំងយោធារាប់សិបកន្លែងក្នុងប្រទេសស៊ីរី ចាប់តាំងពីដើមខែធ្នូ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top