ព័ត៌មានជាតិ

អង្គការ សង្គមសុីវិលធំៗ នៅកម្ពុជា ៖ រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ ក្នុងការលុបបំបាត់ អំពើហិង្សា និងការបៀតបៀន នៅក្នុងពិភពការងារ

ភ្នំពេញ៖ ក្រុមអង្គការសង្គមសុីវិលធំៗ នៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងឆន្ទៈខ្ពស់ ក្នុងការលុបបំបាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅក្នុងពិភពការងារ ជាពិសេសនៅ តាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ត ចូលរួមជាមួយភាគី ពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុង បញ្ហានេះនៅពេលខាងមុខ។

ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅក្នុងពិភពការងារ”។ កម្មវិធីនេះមានការអញ្ជើញជាអធិបតីរបស់ លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយវត្តមានចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១៣០នាក់ផងដែរ។ 

លោកស្រី នៅ សុវត្ថា នាយិកាប្រចាំប្រទេស នៃអង្គការឃែរកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ ក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ ។ អ្វីដែលជាយុទ្ធសាស្រ្តដ៏សំខាន់នោះ គឺទាំងរាជរដ្ឋាភិបាលកម្ពុជា បណ្តាសហជីព បណ្តាសង្គមសុីវិល និងអង្គការវិជ្ជាជីវៈ ខាងការងារ បានអង្គុយតុជជែក ពិភាក្សាគ្នាយ៉ាងសុីជម្រៅ ដើម្បីផ្តល់ធាតុចូល លើយន្តការលុប បំបាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

សម្រាប់លោកស្រី មើលឃើញការលើកឡើង របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈលើការដាក់ចេញនូវយន្តការថ្មីៗក្នុងការលុបបំបាត់នូវអំពើហឹង្សា និងការបៀតបៀននៅតាមរោងចក្រឧស្សាហកម្ម សហគ្រាសនានា ។ អ្វីដែលជាការកត់សម្គាល់បំផុតនោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំជា យុទ្ធនាការ បិតផ្ទាំងផ្សព្វផ្សាយ អប់រំ (ផុសស្ទ័រ) ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងធ្វើការ ដែលទាំងនេះនឹងផ្តល់សារប្រយោជន៍បំផុត ដល់បងប្អូនកម្មករនិយោជិត។

ចំណែកលោកស្រី ហេង ចិន្តា អគ្គលេខាធិការ សហភាពការងារកម្ពុជា (CLC)  បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ មិនថាតែលើកម្មករនិយោជិតនៅតាមរោងចក្រឧស្សាហកម្មតែប៉ុណ្ណោះទេ។ លើសពីនេះ វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សា ទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅក្នុងពិភពការងារ” រឹតតែបញ្ជាក់ពីឆន្ទៈរបស់ រាជរដ្ឋាភិបាល លើកិច្ចការងារនេះផងដែរ។

លោកស្រី អគ្គលេខាធិការសហភាពការងារកម្ពុជារូបនេះ បានគាំទ្រយ៉ាងពេញទំហឹងនូវយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបិតផ្ទាំងផ្សព្វផ្សាយស្តីអំពី អំពើហឹង្សាទាក់ទង នឹងយេនឌ័រ និងការបៀតបៀន នៅតាមរោងចក្រសហគ្រាសនានានៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបចំណេះដឹង លើបញ្ហានេះដល់បងប្អូនកម្មករនិយោជិត ក្នុងគោលបំណង ឱ្យពួកគេយល់ដឹងកាន់តែសុីជម្រៅ និងយល់ដឹងពីកាតព្វកិច្ច នៅពេលដែលជួប បញ្ហាទាំងអស់នេះ នៅកន្លែងធ្វើការ ។

ទន្ទឹមនេះ ក្រុមអង្គការសង្គមសុីវិលទាំងនេះ បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការលើកឡើងស្តីពីការបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅ ក្នុងពិភពការងារ តាមរយៈការអនុវត្តច្បាប់ និងការពន្យល់បងប្អូនកម្មករនិយោជិត អំពីកាតព្វកិច្ចផ្លូវច្បាប់នៅពេល ដែលពួកគេបានជួបប្រទះ នូវការបៀតបៀន នៅក្នុងរូបភាពណាមួយ ៕

To Top