ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបជាមួយប្រធានអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ

នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបជាមួយប្រធានអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដែលបានទៅដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចសន្ទនា”១+១០” នៅវិមានសភាប្រជាជនចិនក្នុងទីក្រុងប៉េកាំង ។

លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយអង្គការ សេដ្ឋកិច្ចអន្តរជាតិសំខាន់ៗ ដើម្បីអនុវត្ត ពហុភាគីនិយម ជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិ គាំទ្រដល់ការអភិវឌ្ឍប្រទេសសកលខាងត្បូង ជំរុញពហុប៉ូលពិភពលោក ដែលប្រកបដោយសមភាព និងសណ្តាប់ធ្នាប់ សកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយ បរិយាបន្ននិងផ្តល់អត្ថប្រយោជន៍ជាទូទៅ ដើម្បីកសាងពិភពលោក ដ៏សមភាព ដែលមានការអភិវឌ្ឍរួមគ្នា។

លោកស្រី Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី លោកស្រី Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកAjay Banga ប្រធានធនាគារពិភពលោក និងលោកស្រី Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្ម ពិភពលោកបានតំណាង ភាគីបរទេសថ្លែងសុន្ទរកថា ។ ពួកគេបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន មានសុទិដ្ឋិនិយមចំពោះអនាគត នៃការអភិវឌ្ឍរបស់ប្រទេសចិន និងបានថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ការគាំទ្រ ការងាររបស់អង្គការ សេដ្ឋកិច្ចអន្តរជាតិក្នុងរយៈពេលជាយូរកន្លងមក ។

លោក Xi Jinping បានស្តាប់ការបញ្ចេញមតិ របស់តំណាងបរទេស ដោយយកចិត្តទុកដាក់ ហើយបានឆ្លើយតប ទៅនឹងបញ្ហាកង្វល់ របស់គូភាគី ដូចជាវញ្ហា សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសចិន និងអភិបាលកិច្ច សេដ្ឋកិច្ចសកល ហើយលោកបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេស នីមួយៗមានការលំបាករៀងៗខ្លួន ដូច្នេះ យើងគួរតែសហការគ្នា ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ច ពិភពលោកបែបបើកចំហ ប្រកាន់ខ្ជាប់ការជំរុញការច្នៃប្រឌិតថ្មី និងចាប់យកឱកាសសំខាន់ៗ ដូចជា សេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិមិ្មត និងបច្ចេកទេសកាបូនទាប ដើម្បីបង្កើត ប្រភពកម្លាំងចលករថ្មី នៃកំណើនសេដ្ឋកិច្ច ៕

To Top