ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បង្កើនការវាយប្រហារតាមផ្លូវអាកាស នៅទូទំាងប្រទេសស៊ីរី

Afp

ដាម៉ាស់៖ យោងតាមអ្នកឃ្លាំមើលសង្រ្គាមបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសស៊ីរី និងអនុវត្តប្រតិបត្តិការជើងគោកសំខាន់ៗ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗ ក្រោយពីមានការផ្តួលរលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍មកថា អង្គភាពរថពាសដែករបស់អ៊ីស្រាអ៊ែល បានដាក់ទីតាំងប្រហែល២៥គីឡូម៉ែត្រពីទីក្រុងដាម៉ាស់ កាលពីព្រឹកថ្ងៃអង្គារ ។ ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែល បានបដិសេធរាល់ចលនាទ័ពហួសពីតំបន់គ្មានយោធា ។

មន្ត្រីកងកម្លាំងការពារអ៊ីស្រាអ៊ែលម្នាក់បានប្រាប់ថា “របាយការណ៍ដែលផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអំពីការធ្វើចលនានៃរថពាសដែករបស់អ៊ីស្រាអ៊ែលឆ្ពោះទៅកាន់ទីក្រុង ដាម៉ាស់ នោះគឺមិនពិតទេ ។

លោក Rami Abdul-Rahman នាយកអង្គការសង្កេតការណ៍ បានសោកស្ដាយចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយោធារបស់ស៊ីរី ហើយលោកបានលើកឡើងថា “វាជារឿងគួរឲ្យសោកស្ដាយដែលឃើញធនធានរបស់កងទ័ពស៊ីរីត្រូវបានបំផ្លាញដោយធ្វើឲ្យទឹកដីស៊ីរីគ្មានអ្វីការពារ” ។

ក្រុមសង្កេតការណ៍បានចងក្រងឯកសារអំពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែលយ៉ាងហោចណាស់ចំនួន៣១០ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយផ្តោតលើការបង្កើនយោធាដែលភ្ជាប់ទៅនឹងកងទ័ពស៊ីរីដែលលែងដំណើរការនោះ ។ ការវាយប្រហារនេះបានវាយប្រហារទៅលើអាកាសយានដ្ឋាន ឃ្លាំងអាវុធ និងទីតាំងយុទ្ធសាស្ត្រ បូករួមទាំងតំបន់នៅជិតទីក្រុង Salamiyah ក្នុងខេត្ត Hama និងក្រុង Qalamoun ផងដែរ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top