ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៦៥នាក់ ត្រូវបានសម្លាប់នៅក្នុងពេលវាយប្រហារ ដោយកាំភ្លើងធំ នៅក្រុងភាគខាងជើងនៃប្រទេសស៊ូដង់

Xinhua

Khartoum ៖ រដ្ឋាភិបាល Khartoum បានប្រកាសថា កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៦៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងធំ ដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាហៅកាត់ថា (RSF) មកលើទីក្រុង Omdurman ស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ។

ការិយាល័យសារព័ត៌មានរដ្ឋ Khartoum បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងជីវពលភេរវករបានប្រព្រឹត្តនៅថ្ងៃនេះ ពោលគឺ ថ្ងៃអង្គារ ដោយធ្វើការសម្លាប់រង្គាលមនុស្សច្រើនបំផុត តាមរយៈការបាញ់ផ្លោងកាំភ្លើងធំ សំដៅទៅលើពលរដ្ឋរស់នៅក្នុងតំបន់ Karari ដោយបានសម្លាប់មនុស្សលើសពី ៦៥នាក់ និងបានបង្កឲ្យរងរបួសរាប់រយនាក់ដែលកកកុញនៅឯមន្ទីរពេទ្យ” ។

លោក Ahmed Osman Hamza អភិបាលរដ្ឋ Khartoum បានចុះទៅពិនិត្យមើលតំបន់គោលដៅ រួមទាំងស្ថានីយ៍រថយន្តក្រុង Karari ដែលស្ថិតនៅភាគខាងជើងក្រុង Omdurman ជាកន្លែងដែលមានការបាញ់ផ្លោងមកលើ រថយន្តក្រុងដឹកអ្នកដំណើរដោយបានសម្លាប់មនុស្សអស់ចំនួន ២២នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសបានដាក់ដូច្នេះ ។

ជនរងគ្រោះជាច្រើននាក់ផ្សេងទៀតស្ថិតនៅក្នុងការបាញ់ផ្លោង នាពេលដំណាលគ្នាដែលបានកំណត់គោលដៅមកលើផ្សារដែលនៅក្បែរស្ថានីយរថយន្តក្រុង និងមណ្ឌលសុខភាព ។

អភិបាលរដ្ឋខាងលើបានថ្កោលទោសទៅលើក្រុម RSF ចំពោះគោលដៅលើពលរដ្ឋដែលគ្មានការការពារ ដោយបានលើកឡើងថា “ការវាយប្រហារនេះមានគោលបំណងបំភ័យ និងធ្វើឲ្យប្រជាពលរដ្ឋខ្លាច និងឱ្យចាកចេញទៅរកតំបន់សុវត្ថិភាព” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top