ព័ត៌មានអន្តរជាតិ

លោក Zelensky បដិសេធមិនទទួលយក បទឈប់បាញ់គ្នានៅចំថ្ងៃ បុណ្យគ្រិស្តម៉ាកនោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលសំណើបទឈប់បាញ់ នៅចំថ្ងៃបុណ្យណូអែល និងការដោះដូរអ្នកទោស ទ្រង់ទ្រាយធំជាមួយប្រទេសរុស្ស៊ី។

លោកOrban បានធ្វើការកត់សម្គាល់លើបណ្តាញសង្គម X ក្នុងការឆ្លើយតបទៅនឹងការបង្ហោះរបស់ Zelensky ដែលរិះគន់ការសន្ទនាតាម ទូរស័ព្ទរវាងមេដឹកនាំហុងគ្រី និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីមុននេះបន្តិច។

នៅចុងបញ្ចប់នៃប្រធានសហភាពអឺរ៉ុបហុងគ្រី យើងបានខិតខំប្រឹងប្រែងថ្មី ដើម្បីសន្តិភាពហើយយើងបានស្នើ បទឈប់បាញ់បុណ្យណូអែល និងការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំ ប៉ុន្តែ​ជា​ការ​សោកស្ដាយ​ដែលលោកZelenskyបាន​ច្រាន​ចោលទៅវិញ ប៉ុន្តែយ៉ាងណាក្តីយើង​បាន​ធ្វើ​អ្វី​ដែល ​យើង​អាច​ធ្វើ​បានរួចទៅហើយ នេះបើយោងតាមការ បញ្ជាក់បន្ថែមដោយលោក Orban ។

លោក Zelensky បានចោទប្រកាន់លោក Orban ថាគ្រាន់តែស្វែងរកបង្កើនរូបភាពផ្ទាល់ខ្លួន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការទូតរបស់គាត់ ហើយបានធ្វើការលើកឡើង បែបឌឺដងទៀតថាមេដឹកនាំហុងគ្រី យ៉ាងហោចណាស់នឹង មិនហៅអតីតប្រធានាធិបតីស៊ីរី Bashar​ Assad នៅទីក្រុងមូស្គូ ដើម្បីស្តាប់ការបង្រៀនរយៈពេលមួយម៉ោង របស់គាត់ផងដែរ។

គួរឲ្យដឹងដែរថា បានបន្តិចក្រោយមកបន្ទាប់ពី មានការផ្លាស់ប្តូរគ្នានៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Dmitry Litvin ជំនួយការរបស់ Zelensky បានបដិសេធទាំងស្រុងថា ពុំមានទំនាក់ទំនងណាមួយរវាងទីក្រុងគៀវ និងទីក្រុង Budapest ស្តីពីបទឈប់បាញ់បុណ្យណូអែល និងការដោះដូរអ្នកទោសនោះទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top