ព័ត៌មានអន្តរជាតិ

យន្តហោះ Ospreys របស់អាមេរិក បន្តការហោះហើរ ក្នុងប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីការផ្អាក ដោយសារបញ្ហាសុវត្ថិភាព

Kyodo

តូក្យូ៖ កងកម្លាំងសហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេបានបន្តការហោះហើរយន្ដហោះ Ospreys របស់ពួកគេនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន នូវយន្តហោះដឹកជញ្ជូនរបស់ពួកគេទាំងអស់ នៅទូទាំងពិភពលោក ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាពនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អ្នកនាំពាក្យកងម៉ារីនអាមេរិកបានឲ្យដឹងថា ការបន្តការហោះហើរសម្រាប់យន្តហោះដឹកជញ្ជូន MV-22 បានកើតឡើង “បន្ទាប់ពីការពិនិត្យឡើងវិញ នៃកងនាវាឱ្យបានហ្មត់ចត់ ដែលបានធ្វើឡើងក្នុងអំឡុងពេល ផ្អាកប្រតិបត្តិការ” ហើយការផ្អាកនាពេលកន្លងទៅ គឺធ្វើឡើងដោយសារតែបញ្ហាសុវត្ថិភាព ដោយសារតែយន្ដហោះប្រភេទនេះ បានជួបគ្រោះថ្នាក់ជាច្រើនលើកមកហើយ ។

យន្តហោះ MV-22 បានហោះឡើងនៅម៉ោងប្រហែល ១០ និង ១៣នាទី ព្រឹក ពីស្ថានីយ៍អាកាស Marine Corps Air Station Futenma ក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ហើយបានចុះចត ១៥ នាទីក្រោយមក នេះបើយោងតាមសាខា ក្នុងតំបន់របស់ក្រសួងការពារជាតិជប៉ុន។

កាលពីដើមសប្តាហ៍នេះ កងម៉ារីនបានឲ្យដឹងថា ពួកគេកំពុងអនុវត្តការផ្អាកប្រតិបត្តិការរយៈពេល ៩៦ ម៉ោងសម្រាប់ប្រតិបត្តិការហោះហើរ ដែលមិនសំខាន់ចាប់ពីថ្ងៃសុក្រ ដោយផ្អែកលើអនុសាសន៍របស់បញ្ជាការ ប្រព័ន្ធអាកាសរបស់កងទ័ពជើងទឹក បន្ទាប់ពីការចុះចតដោយប្រុងប្រយ័ត្ន នាពេលថ្មីៗនេះនៃយន្ដហោះ CV-22៕

ប្រែសម្រួល ឈូក បូរ៉ា

To Top