ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នេីអាជ្ញាធរ ជួយពន្លឿនការតទឹកស្អាត ជូនពលរដ្ឋប្រើប្រាស់ ក្នុងសង្កាត់៣ នៃខណ្ឌកំបូល

ូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នេីដល់អាជ្ញាធរភ្នំពេញ ជួយពន្លឿនការតទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌកំបូល ។

ការស្នើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញ ។

ក្នុងនោះ លោក ម៉ប់ សារិន ក៏បានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ចូលរួម ដើរលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ប្រមាណ ជាង ៦លាននាក់ ។

បន្ថែមពីនេះសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានសម្តែងពីការកោតសរសើរ កងកម្លាំងមានសមត្ថកិច្ចផងដែរ ដែលបានខិតខំបំពេញភារកិច្ច រហូតធ្វើឱ្យបទល្មើស ក្នុងខែវិច្ឆិកានេះ បានថយចុះ ។ ប៉ុន្តែបែរជាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង រហូត១០ករណី ដូច្នេះស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តការផ្សព្វផ្សាយច្បាប់ចរារណ៍ ឱ្យបានច្រើនពិសេសនៅតាមសាលារៀន ដើម្បីអោយសិស្សានុសិស្ស បានយល់និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសូមជួយពន្លឿនការតទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងសង្កាត់ចំនួន៣ក្នុងខណ្ឌកំបូល។

ចំពោះការសំណូមពរនេះខាងលើនេះ លោក ឆាយ វីរៈ ក៏ដូចជាតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា នៅសង្កាត់ស្នោ កាលពីឆ្នាំ២០២២ ឫ២០២៣ គឺពិតជាមានការ ខ្វះទឹកស្អាតប្រើប្រាស់ ប៉ុន្តែឆ្នាំនេះ អាចនៅខ្វះតិចតួចនោះទេ និងអាចដោះស្រាយបានល្អ លើការផ្គត់ផ្គង់ទឹកស្អាតនេះ ដោយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ នឹងសម្ពោធអនុស្ថានីយ ផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត បានប្រមាណ៦០០០មែត្រគូបក្នុង១ថ្ងៃ ជាមួយនឹងការតភ្ជាប់បំពង់មេធំ បានសម្រេចមុនផែនការ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២៥។

ក្នុងនោះដែរ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានបន្តថា ការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងមានសមត្ថកិច្ច ជាការជម្រុញលើកទឹកចិត្តឱ្យរដ្ឋ បាលរាជធានីភ្នំពេញ បន្តបំពេញការងារ ជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ កាន់តែល្អថែមទៀត៕

To Top