ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ ពីជោគជ័យ បេសកកម្មការទូត វៀតណាម នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បាន វាយតម្លៃខ្ពស់ពីជោគជ័យ បេសកកម្មការទូតរបស់លោក ង្វៀន ហ៊ុយតាំងឯកអគ្គរដ្ឋទូត វៀតណាមនៅកម្ពុជា នាពេលកន្លងមក ។

ការវាយតម្លៃនេះ ខណៈម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាកម្ពុជា ជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម នឹងត្រូវបញ្ចប់បេសកកម្មការទូត ពីកម្ពុជាក្នុងពេលឆាប់ៗនេះ ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះជោគជ័យដ៏ធំធេងរបស់លោក  ង្វៀន ហ៊ុយតាំង នៅក្នុងការពង្រឹងពង្រីក ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរ​ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើង ពីជោគជ័យធំៗមួយចំនួន នៃការបំពេញបេសកកម្មការទូតរបស់ ឯកឧត្តម  ង្វៀន ហ៊ុយតាំង នៅក្នុងនោះមានដូចជា ការសម្របសម្រួល នៅក្នុងការអនុវត្ត គម្រោងផ្តល់ជំនួយ២៥លានដុល្លារ របស់ប្រទេសវៀតណាម ក្នុងការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានដាក់សម្ពោធ កាលពីពេលថ្មីៗមកនេះ ការសម្រួបសម្រួលព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងខែវិច្ឆិកា ប្រកបដោយផ្លែផ្កា និងការសម្របសម្រួល ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម (ហៅវត្តស្វាយសៀមថ្មី) ស្ថិតនៅខេត្តត្រាវិញ ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗ ព្រមទំាងការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិន ថាញ់មិនប្រធានរដ្ឋសភាវៀតណាម មកកម្ពុជាកាលពី ចុងខែវិច្ឆិកានេះ ផងដែរ ។

លោក ង្វៀន ហ៊ុយតាំង ក៏បានថ្លែងអំណរគុណ ជូនសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរួមសហការ បង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ជូនឯកឧត្តមក៏ដូចជាស្ថានទូតវៀតណាមនៅកម្ពុជា ក្នុងការបំពេញភារកិច្ច ធ្វើឱ្យបេសកកម្មការទូតរបស់លោក ទទួលបានជោគជ័យ។

លោកទូតក៏ បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទំាងពីរដែលមានការរីកចម្រើនគ្រប់វិស័យគ្រប់កម្រិត ឈរលើស្មារតីសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់និងទុកចិត្តគ្នាទៅវិញទៅ ហើយបាននាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិនិងប្រទេសជនទំាងសងខាងជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភា និងលោកង្វៀន ហ៊ុយតាំង សម្តែងក្តីសប្បាយរីករាយ និងមោទនភាពចំពោះសមិទ្ធផល និងផលប្រយោជន៍ជាច្រើន ដែលបានកើតមានឡើង តាមរយៈទំនាក់ទំនង ជាអ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទំាងពីរកម្ពុជានិងវៀតណាម ដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ជាដើម។ នៅក្នុងនោះទំហំពាណិជ្ជកម្ម ប្រទេសទំាងពីររំពឹងថា នឹងសម្រេចបាន១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូត បានអបអរសាទរ ចំពោះការរីកចម្រើនសេដ្ឋកិច្ច និងសង្គម នៃប្រទេសទំាងពីរ និងបានគូសបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា ក៏ជាជោគជ័យ របស់វៀតណាម ។ ដូចគ្នានេះ ជោគជ័យរបស់វៀតណាម ក៏ជាជោគជ័យរបស់កម្ពុជាដែរ ។
នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានស្នើដល់លោក ង្វៀន ហ៊ុយតាំង បន្តភ្ជាប់ទំនាក់ទំនងចូលរួមពង្រឹងពង្រីក ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាទៀតទោះបីឯកឧត្តមត្រូវបញ្ចប់ បេសកកម្មការទូតពីកម្ពុជាហើយក្តី ។
សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួន និងរង់ចាំធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី របស់មិត្តវៀតណាម បន្តជំរុញសម្រេចគោលដៅរួម ដើម្បីវិបុលភាពដែលមិនសម្រាប់តែប្រជាពលរដ្ឋ នៃប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋជាសកលផងដែរ ៕

To Top