ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មន្ត្រីនគរបាលជាតិ ត្រូវបានតែងតាំងជាមុខងារ នយោបាយ មិនអនុញ្ញាត ឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិ ត្រូវបានតែងតាំងជាមុខងារនយោបាយ មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា ។

តាមរយៈសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការស្លៀកពាក់ឯកសណ្ឋាន និងការប្រើស្លាកសញ្ញានគរបាលជាតិកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់មន្ត្រីនគរបាលជាតិឱ្យបានស័ក្តិសមជាកងឯកភាពរៀបរយ សំដៅធានាប្រសិទ្ធភាពនៃការបំពេញ កិច្ចប្រតិបត្តិការរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា មន្ត្រីនគរបាលជាតិ បម្រើការងារតាមបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បានស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិក្នុងពេលបំពេញការងារ បានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានដែលបានកំណត់។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បាន សង្កេតឃើញថា កន្លងមកមានថ្នាក់ដឹកនាំមួយចំនួនតូច ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយ និងបានដាក់ឱ្យស្ថិតនៅក្រៅក្របខ័ណ្ឌដើម បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។

ក្នុងន័យនេះ ដើម្បីធានាឱ្យការប្រើឯកសណ្ឋាននគរបាលជាតិបានត្រឹមត្រូវ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ ហើយត្រូវបាន តែងតាំងជាមុខងារនយោបាយ ដូចជា ៖

១- មិនអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិ សម្រាប់បំពេញការងារប្រចាំថ្ងៃ និងចូលរួមកិច្ចប្រជុំនានា។

២- អនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ក្នុងករណីមានការចាត់តាំងឱ្យចូលរួមក្នុងពិធីបុណ្យជាតិ ពិធីថ្ងៃខួបកំណើតនគរបាលជាតិ សន្និបាតក្រសួង ឬពិធីផ្លូវការណាមួយ ដែលតម្រូវឱ្យស្លៀកពាក់ ឯកសណ្ឋាននគរបាលជាតិតែប៉ុណ្ណោះ៕

To Top