ភ្នំពេញ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ពេលបានជួបសមាគម និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ដែលសមាគមតែងតែបានចូលរួមចំណែកសហការ គាំទ្រអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងជំនួបជាមួយលោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ នាថ្ងៃ១២ ធ្នូ។

គោលបំណងនៃជំនួប ដើម្បីរាយការណ៍ពីសមិទ្ធិផលដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល នាពេលកន្លងមក ពេលបច្ចុប្បន្ន និងមានគោលដៅស្នើសុំការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយតម្រង់ទិសការងារមនុស្សធម៌របស់សមាគមនាពេលអនាគតក្នុងវិស័យសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍គណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបានថ្លែងនូវចំណាប់អារម្មណ៍ថា ពេលបានជួបជាមួយ សមាគមប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ព្រោះតាំងពីសមាគមបានបង្កើតឡើងនៅក្នុងកម្ពុជា ឆ្នាំ១៩៩៤មក ហើយ សមាគមបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ដោយទទួលបានសមិទ្ធផលជាច្រើននាពេលកន្លងមក ។


លោកថា សមាគមបានផ្តល់ជំនួយមនុស្សធម៌ ក្នុងវិស័យសុខាភិបាល ដល់ខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅមន្ទីរពេទ្យតេជោសែនកោះធំ តាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ឧបករណ៍បរិក្ខារពេទ្យ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះទៀត ជំនួបនេះ គឺដើម្បីស្វែងយល់ពីតម្រូវការរបស់ក្រសួងសុខាភិបាល ដែលអាចជួយតម្រង់ទិស កិច្ចសហប្រតិបត្តិការរបស់សមាគម ជាមួយក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត៕







