ភ្នំពេញ៖ នាឱកាសអញ្ជើញធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការធ្វើកំណែទម្រង់ គឺសំដៅគុណភាពសេវាសុខាភិបាល ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបាឋកថាលើប្រធានបទ “ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឲ្យទទួលបានជោគជ័យ” ដោយបានបង្ហាញ ពីប្រភេទនៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់ និងភាពចាំបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ដែលត្រូវធ្វើ “កំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់” សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន ហើយដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យ អ្នកដឹកនាំត្រូវការចំណុចគន្លឹះចំនួន៤គឺ (១)មានការប្តេជ្ញាចិត្ត (២)មានសមត្ថភាពក្នុងការដឹកនាំការងារ (៣)មានភាពឈ្លាសវៃ និង (៤) មានឆន្ទះ និងភាពម្ចាស់ការខ្ពស់។
ទន្ទឹមនឹងនោះផងដែរ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំមន្ត្រីសុខាភិបាលទាំងអស់ធ្វើការពិចារណាលើទស្សនៈ ដែលថា កំណែទម្រង់ គឺជាដំណើរការ (a process) មិនមែនជាព្រឹត្តិការណ៍ទេ (not an event) ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនៅលើប្រធានបទនេះ៕