ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំ “ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា” ក្នុងគោលបំណងផ្តល់ជូនសាធារណជន បានស្វែងយល់អំពីសិប្បកម្មប្រពៃណី តាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។
ពិព័រណ៍នេះ ក៏មានបំណងរៀបចំបង្ហាញ ជូនសាធារណជនបានស្វែងយល់ពី ស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និង អបអរសាទរ “ក្រមា” ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។
ពិព័រណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី២០-២២ ធ្នូ ពីម៉ោង៩ព្រឹក ដល់ម៉ោង៨និង៣០នាទីយប់ ក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕