បរទេស៖ អ្នកសុំទានជនជាតិថៃ និងបរទេសចំនួន១២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការរបស់ប៉ូលិស ដើម្បីបោសសម្អាតអ្នកសុំទាននៅទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកសុំទានជនជាតិថៃម្នាក់ត្រូវបាន គេរកឃើញថាបានយកលុយជាង ៣០០.០០០ បាត ហើយថែមទាំងមានប្រហែលមួយលានបាត នៅក្នុងគណនីធនាគារថែមទៀត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីអន្តោប្រវេសន៍, ប៉ូលិស Lumpini និងសន្តិសុខមនុស្សជាតិ និងមន្ត្រីសុខុមាលភាពសង្គម ត្រូវបានបញ្ជូនទៅត្រួតពិនិត្យ តំបន់សេដ្ឋកិច្ចរបស់ទីក្រុងបាងកកនៅផ្លូវ Sukhumvit ពីផ្លូវបំបែក Asok ដល់តំបន់ Nana កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការត្អូញត្អែរថាអ្នកសុំទាន ជាច្រើនបានរីកដុះដាលនៅតាមបណ្តោយផ្លូវនេះ ដែលធ្វើឲ្យខូចមុខមាត់ទេសចរណ៍របស់ប្រទេសថៃ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ Suriya Puangsombat អនុប្រធានការិយាល័យអន្តោប្រវេសន៍ផ្នែកទី១ និងលោក Thapanee Sirisomboon ប្រធានមជ្ឈមណ្ឌលការពារជនទុរគតទីក្រុងបាងកក។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិថៃ ៨នាក់ ខ្មែរ ២នាក់ ឡាវម្នាក់ និងមីយ៉ាន់ម៉ាម្នាក់ ពីបទសុំទាន។ ក្រុមប៉ូលិសបាននិយាយថា អ្នកសុំទានបរទេសទាំងបួននាក់ ត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមពីការចូលប្រទេសថៃដោយខុសច្បាប់។
ក្នុងចំណោមអ្នកសុំទានទាំងនោះ គឺមាន ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេរកឃើញថា មានលុយជាង ៣០០.០០០ បាតនៅក្នុងកម្មសិទ្ធិរបស់នាង និងគណនីធនាគារដែលមាន លុយប្រហែលមួយលានបាត។ នាងបានប្រាប់សមត្ថកិច្ចថា នាងបានប្រមូលលុយទាំងនេះពីការសុំទាន ៕
ប្រែសម្រួលៈ ណៃ តុលា