បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ជាលើកទីពីរនៅថ្ងៃសៅរ៍ ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលជាទង្វើមួយដែលធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើល នាំឱ្យបំបែកក្នុងគណបក្សរបស់លោក និងរារាំងតំណែងប្រធានាធិបតីរបស់លោកពាក់កណ្តាលអាណត្តិ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការរបស់គាត់ក្នុងការដាក់ការគ្រប់គ្រងយោធានៅថ្ងៃទី៣ ខែធ្នូ ត្រូវបានរំសាយចោលវិញក្នុងរយៈពេល ៦ម៉ោងក្រោយមកបន្ទាប់ពីសភាបានផ្គើនជាមួយកងទ័ពនិងប៉ូលីសដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យនេះ ប៉ុន្តែវាបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញនិងបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកចុះចេញពីតំណែងពីបទបំពានច្បាប់។
គណបក្សប្រឆាំង គ្រោងនឹងធ្វើការបោះឆ្នោតចោទប្រកាន់នៅម៉ោង ៤ រសៀល នៅថ្ងៃសៅរ៍ ដោយមានបាតុកម្មដ៏ធំដែលគ្រោងទុកមុនការបោះឆ្នោត។ ចំណែកគណបក្សអំណាចប្រជាជនអភិរក្សរបស់លោក Yoon បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់លើកដំបូងមួយសប្តាហ៍មុននេះ ដោយរារាំងកូរ៉ុម។
ចាប់តាំងពីពេលនោះមក មេដឹកនាំ PPP លោក Han Dong-hun បានជំរុញសមាជិកបក្សឱ្យបោះឆ្នោតសម្រាប់ការចោទប្រកាន់នៅថ្ងៃសៅរ៍ ហើយយ៉ាងហោចណាស់សមាជិក PPP ចំនួនប្រាំពីរបាននិយាយថា ពួកគេនឹងបោះឆ្នោតដើម្បីចោទប្រកាន់ប្រធានាធិបតី។
គណបក្សប្រឆាំងគ្រប់គ្រងអាសនៈចំនួន១៩២ ក្នុងចំណោម ៣០០ នៅក្នុងសភាតែមួយ ដូច្នេះពួកគេត្រូវការសំឡេងយ៉ាងតិច ៨ PPP ដើម្បីឈានដល់កម្រិតពីរភាគបីសម្រាប់ការចោទប្រកាន់នេះ៕
ប្រែសម្រួលៈ ណៃ តុលា