កំពង់ស្ពឺ៖ ក្មេងទំនើងចំនួន ៦នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ និងបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូអូសកាំបិតផ្គាក់លើផ្លូវគំរាមដល់គូសត្រូវ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា កម្លាំងអាវុធហត្ថតែងធ្វើការល្បាតដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការល្បាតនេះដែរ ក៏បានប្រទះឃើញក្រុមយុវជនមួយក្រុមមានគ្នាប្រមាណជាង ១០នាក់ ជិះម៉ូតូច្រើនគ្រឿង នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិទទួលគកសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដោយពួកគេបានអូសកាំបិតផ្គាក់លើផ្លូវដើម្បីគំរាមដល់ភាគីម្ខាងទៀត ដែលសង្ស័យជាគូរទំនាស់។
ខណ:ដែឃើញសកម្មភាពបែបនេះ កម្លាំងល្បាតអាវុធហត្ថក៏បានដេញតាមក្រុមក្មេងទំនើងទាំងនោះក៏បានបើកម៉ូតូរត់បែកហ្វូងគ្នាអស់ អកុសលមានតែយុវជន ៦នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួនយកមកសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ត។
យុវជនជាក្មេងទំនើងទាំង៦នាក់ដែលឃាត់ខ្លួនរួមមាន: ទី ១-ឈ្មោះ វឿន សុខវ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ សុីម សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ ផាន់ ជាវ៉ៃ ភេទប្រុស អាយុ ១៦ឆ្នាំ ទី៤-ឈ្មោះ រ៉ំ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំង៤បច្ចុប្បន្នរស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី៥-ឈ្មោះ កែវ សារី ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៦-ឈ្មោះ ឃុម រ៉ាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។នៅក្នុងប្រតិបត្តិការដេញចាប់នើដែរ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូចំនួន០៣គ្រឿង(ម៉ាក Honda ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1X-4121,ម៉ាក Honda ទឹកមាស សេរីឆ្នាំ២០១៩ ផ្លាកលេខ កំពង់ស្ពឺ 1Q-3381,ម៉ាក់ Honda ពណ៌ខ្មៅ សេរី ឆ្នាំ២០២៤ ផ្លាកលេខ កំពង់ស្ពឺ 1Z-9382),ទូរស័ព្ទ ចំនួន ០៥គ្រឿង និងកាំបិតផ្គាក់ ចំនួន០១ដើម។
សូមរំលឹកថា ក្រោយបញ្ជូនក្មេងទំនើងទាំង៦នាក់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺភ្លាម មានដំណឹងមកថាឪពុកម្តាយរបស់ក្មេងទំនើងទាំង៦នាក់នោះបានចំណាយលុយយ៉ាងច្រើនដើម្បីស្វែងរកអ្នកជួយអន្តរាគមន៍ដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែគេនៅមិនទាន់ដឹងទេថា អយ្យការសម្រេចឱ្យរួចខ្លួនដែរឬយ៉ាងណានោះទេ តែបើតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ជាម ចន្ទ័សោភ័ណអភិបាលខេត្តបានណែនាំដល់ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាឱ្យដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរដើម្បីឱ្យក្មេងទំនើងទាំងនោះមានការរៀងចាល៕
ដោយ៖ សុខសុភ័ណ្ឌ រូបថតកងរាជអាវុធហត្ថ