សេអ៊ូល៖ លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងជាប្រធានាធិបតីស្តីទីរបស់ប្រទេស នេះបានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាស្ថិរភាពកិច្ចការរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយបានប្តេជ្ញាថា នឹងមិនទុកកន្លែងទំនេរនៅក្នុងនយោបាយរបស់ប្រទេសឡើយ ។
លោក Han បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈក្រោយពីលោក Yoon Suk-yeol ត្រូវបានព្យួរមុខងារជាផ្លូវការពីតួនាទីរបស់គាត់ជាប្រធានាធិបតី នៅគ្រាដែលដំណោះស្រាយនៃការចោទប្រកាន់ដែលត្រូវបានអនុម័តនៅក្នុងសភាកាលពីរសៀលថ្ងៃសៅរ៍ត្រូវបានបញ្ជូនទៅការិយាល័យរបស់គាត់ដែលធ្វើឱ្យនាយករដ្ឋមន្រ្តី ត្រូវក្លាយខ្លួនជាប្រធានាធិបតីស្តីទីនោះ ។
លោក Han បានថ្លែងថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងបង្កើតឱ្យមានសន្តិសុខរឹងមាំ ។
លោកក៏បានប្តេជ្ញាធានានូវប្រតិបត្តិការទីផ្សារហិរញ្ញវត្ថុ និងរូបិយប័ណ្ណបរទេសដោយរលូន និងរក្សាការជឿទុកចិត្តពីសហគមន៍អន្តរជាតិ ដោយអំពាវនាវឱ្យមន្ត្រីសាធារណៈធ្វើការរួមគ្នាដើម្បីជំនះនូវវិបត្តិ ។
ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ នាយករដ្ឋមន្ត្រីមានតួនាទីជាប្រធានាធិបតីស្តីទី ប្រសិនបើប្រធានាធិបតីត្រូវបានចោទប្រកាន់ពីបទណាមួយនោះ ។ តួនាទីជាប្រធានាធិបតីរបស់លោកប្រធានាធិបតី Yoon ត្រូវបានផ្អាករហូតដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចរបស់ខ្លួនលើសំណើចោទប្រកាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា