ព័ត៌មានជាតិ

លោក សុខ ពេញវុធ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ

រូបភាព៖​ លោក​ ឃួង​ ស្រេង

ភ្នំពេញ៖ លោក សុខ ពេញវុធ សមាជិក គណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជំនួសលោក នួន ផារ័ត្ន ដែលទទួលបានការជឿទុកចិត្ត ពីថ្នាក់ដឹកនាំគណបក្ស ឱ្យទៅទទួលតួនាទី ជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលេីកឡេីងថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទៀមទាអោយយុវជនត្រូវពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។

លោក ឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើលោក សុខ ពេញវុធ ដែលបានតែងតាំងថ្មីនេះ ត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ អោយរីកចំរើនបន្ថែមទៀត។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាត ចំពោះចលនាបដិវត្តពណ៌។ យកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ្រួន ថេរ៉ាវ៉ាត បានលើកឡើងថា រាជធានីភ្នំពេញ មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ រាជធានី ខណ្ឌទាំង១៤ សង្កាត់ ទាំង១០៥ រហូតដល់ចំនួន ៣១,៥៦៧រូប ដែលក្រុមការងារយុវជនគណបក្សទាំងនេះ ត្រូវបានបែងចែក តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីអោយបក្សមានភាពរឹងមាំ។បើអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជា ក៏រឺងមាំដែរ។

លោកបានគូសបញ្ជាក់ថា “២៦ឆ្នាំនេះ យើងបានបណ្តុះបណ្តាលយុវជនជាច្រើន ដោយសារកម្ពុជា មានសន្តិភាពពេញលេញ។គុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំអោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈ”។

នៅក្នុងឱកាសនេះ លោក សុខ ពេញវុធ ដែលទើបតែងតាំងជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញថ្មី នេះ បានធ្វើការប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ប្តេជ្ញាពង្រឹងនិងពង្រឹកយុវជនបក្សអោយបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង៕

To Top