ភ្នំពេញ៖ រដ្ឋបាលខេត្តកែប ចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយធ្វើការបដិសេធ និងច្រានចោលនូវព័ត៌មាន បានបង្ហោះផ្សាយអំពីការបាក់អគារ ៧ជាន់ នៅខេត្តកែប ហើយការបាក់រលំអគារនៅខេត្តកែបនេះ គឺជាព័ត៌មានចាស់ ដែលកើតឡើង កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។
ថ្មីៗនេះ រដ្ឋបាលខេត្តកែប បានពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនខិលខូចមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញនូវព័ត៌មាន ចាស់នៃព្រឹត្តិការណ៍បាក់រលំអគារនៅខេត្តកែប (ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០) ក្នុងចេតនាទុច្ចរិត បំពុលសង្គម បង្កការភ័ន្តច្រឡំដល់សាធារណជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា “សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន និងការប្រឌិត ព័ត៌មានដោយយកវីដេអូចាស់ មកផ្សព្វផ្សាយ និងចែករំលែកបន្តឡើងវិញ ដូច្នេះសូមម្ចាស់គណនី និងផេក ហ្វេសប៊ុកដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ លុបចេញវិញជាបន្ទាន់ និង សូមស្នើដល់អង្គភាពមានសមត្ថកិច្ចបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខជនដែលបានបង្ហោះព័ត៌មាន ក្លែងក្លាយនេះយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន”។
ប្រភពដដែល បន្ដថា សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កុំ មានការយល់ច្រឡំ និងអំពាវនាវ កុំចូលរួមផ្សព្វផ្សាយ និងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់ ៕