ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅមានជនខិលខូច ឆ្លៀតឱកាសនិយម បន្លំខ្លួនជាមន្ត្រីរាជការ ហើយទៅទាលុយ ឬយកពន្ធពីគេ ទាំងដែលខ្លួនឯង លែងជាមន្រ្តីយូរឆ្នាំមកហើយ ។
ការលើកឡើង របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវ រកឃើញករណីមិនប្រក្រតីមួយចំនួន ទាក់ទិននឹងជនឆ្លៀតឱកាស ដែលតែងតែចាំបន្លំខ្លួន ជាអ្នកសម្របសម្រួល ឬជាអ្នករត់ការបំពេញបែបបទ ដើម្បីទារកម្រៃ ជើងសារពីអ្នកដទៃ នៅពេលដែលរាជរដ្ឋាភិបាល ប្រកាសគោលនយោបាយអ្វីមួយ តួរយ៉ាង នាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ សម្តេចធិបតី បានសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានអំពាវនាវ ឱ្យប្រុងប្រយ័ត្ន លើករណីឆបោកណាមួយ ឬទាមទារឱ្យបងថវិកាណាមួយ សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
ថ្លែងក្នុងឱកាសនោះសម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមបែបនេះ ព្រោះកន្លងទៅមានអ្នកអាជីវកម្មចឹងទៀត ឱ្យតែមាន ថាយើងប្រុងចេញស្អីមួយនឹង គឺមានអ្នកគេដើរតាំងខ្លួនជាអ្នកតំណាង ហើយទៅយកលុយបងប្អូនមកថា រត់ចុះឈ្មោះអោយ ដល់ចឹងបងប្អូនយល់ថា ក្រែងនាយករដ្ឋមន្ត្រីប្រកាសថាអត់យកលុយ ហេតុអ្វីមកយកលុយខ្ញុំ ចឹងយល់ច្រឡំថាអ្នកនឹង គឺជាមន្ត្រីរបស់រាជរដ្ឋាភិបាល មន្ត្រីរបស់ក្រសួង ចឹងយល់បាត់ ដល់ឆែកចុះឆែកឡើង អត់ទេ” ។
ក្នុងនោះសម្តេចធិបតី ក៏បានលើកឡើងអំពីករណីការបន្លំស្រដៀងគ្នានេះ ជាមួយនឹងករណីពន្ធតូច ១៥០លាន ដែលថាមិនមានជាប់អ្វីទាំងអស់ បែជាមានក្រុមមួយឆ្លៀតឱកាស ទៅបន្លំចូលទៅធ្វើជាអ្នកជួយសម្របសម្រួល ជួយសរសេរ ឬបំពេញឯកសារ ហើយគិតថ្លៃសេវាពីគេ ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ខ្ញុំសូមឱ្យយ៉ាងមិច បើថា នៅតាមច្រកចេញចូលតែមួយនៅតាមខេត្ត ឬមួយនៅកន្លែងណា ហើយតាមប្រព័ន្ធអ៊ីធើណេត របស់យើង គឺសូមបញ្ជាក់អានឹងឱ្យច្បាស់ ហើយសូមខាងរដ្ឋបាលរាជធានី-ខេត្ត សូមជួយផ្សព្វផ្សាយផង” ។
បន្ថែមលើនេះ សម្តេចធិបតី មានប្រសាសន៍ថា “អារឿងស្វាស៊ីបាយ លាបមាត់ពពែនេះច្រើនហើយ ហើយជួនកាលគេ ទៅតែងខ្លួនតែម្តងជាមន្ត្រី ថ្ងៃមុនគយនឹងឯង ម្នាក់នោះឈប់ ធ្វើមន្ត្រីយូរឆ្នាំហើយ នៅពាក់ខោអាវ ដើម្បីទៅយកទាពន្ធ គេនៅផ្លូវ កន្លែងបបរពេទ្យចិន គាត់ទៅពាក់ខោអាវ ហើយម្សិលថ្ងៃនេះ ទើបតែស្រាវជ្រាវឃើញមួយ បងប្រុសម្នាក់ គាត់យូរហើយ គាត់ទៅពាក់ខោអាវយោធា ហើយគាត់ទៅដើរសុំទាននៅខេត្តព្រះសីហនុ ហើយគាត់អត់នៅក្នុងទេ គាត់ធ្លាប់ពីអតីតទាហានខ្មែរក្រហមពីមុន ប៉ុន្តែនៅក្រោយមកនេះ គាត់យូរហើយ អត់មាននៅក្នុង ចឹងឱ្យមានការយល់ច្រឡំ គាត់ធ្លាប់ជាទ័ពមែន តែគាត់ចេញពីទ័ពយូរហើយ ហើយក៏មានការជួយផ្សេងៗ ចឹងគឺសូមធ្វើមិចឱ្យមានការ ប្រុងប្រយ័ត្នទៅលើនេះ ហើយជាពិសេសនៅ តាមប្រព័ន្ធឌីជីថលអនឡាញនេះ គឺប្រយ័ត្នមែនទែន សូមធ្វើការសហការ ជាមួយនឹងជំនាញ របស់ក្រសួងមហាផ្ទៃ”៕