បរទេស៖ យោងតាមក្រសួងគ្រាអាសន្នរបស់រុស្ស៊ី បានឲ្យដឹងថា នាវាដឹកប្រេងចំនួនពីរគ្រឿង ដែលផ្ទុកផលិតផលប្រេង បានលិចនៅក្នុងច្រកសមុទ្រ Kerch ដែលជាផ្លូវឆ្លងកាត់ដែល តភ្ជាប់សមុទ្រខ្មៅទៅសមុទ្រ Azov ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា Volganeft 212 និង នាវា Volganeft 239 បានបញ្ជូនសញ្ញាគ្រោះថ្នាក់ និងស្នើសុំជំនួយ ចំពេលមានខ្យល់បក់ និងរលកខ្លាំង។ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវទឹករបស់រុស្ស៊ីបាននិយាយថា សមាជិកនាវិកសរុបចំនួន ២៩ នាក់នៅលើនាវាដឹកប្រេងទាំងពីរនោះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺមានរលកដ៏ខ្លាំងបានវាយប្រហារ នាវាដឹកប្រេងជាច្រើនគីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មៅ។ កប៉ាល់ Volganeft 212 ដែលផ្ទុកប្រេងជាង ៤.០០០ តោនបានជាប់នៅកណ្តាលទឹក ហើយ កប៉ាល់ Volgoneft 239 បានរសាត់បន្ទាប់ពីរងការខូចខាត។
ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ បានបញ្ជូនក្រុមឆ្លើយតបទៅកាន់តំបន់ Kerch Strait ដើម្បីជួយដល់នាវា។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបាន រារាំងដោយអាកាសធាតុកាន់តែអាក្រក់។
ទូកសង្គ្រោះក៏ត្រូវបានបញ្ជូន ទៅកាន់តំបន់នោះដែរ។ ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា រហូតមកដល់ពេលនេះ សមាជិកនាវិកចំនួន ១៣នាក់ពីនាវាដឹកប្រេងដែលរងការ ខូចខាតត្រូវបាននាំយកទៅកន្លែងសុវត្ថិភាព ហើយមានអ្នកស្លាប់ម្នាក់ត្រូវបានបញ្ជាក់ ៕
ប្រែសម្រួលៈ ណៃ តុលា