កណ្តាល ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ និងអនុស្ថានីយសំពៅពូន តង់ស្យុង ១១៥/២២គីឡូវ៉ុល អានុភាពផ្គត់ផ្គង់ ៧៥ មេហ្គាវ៉ុលអំពែរ ស្ថិតក្នុងសង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយចំណាយថវិកាសរុបប្រមាណ ១៥ លានដុល្លារអាមេរិក (ដែលក្នុងនោះ ថវិកាជាង ១០ លានដុល្លារអាមេរិក សម្រាប់ខ្សែបញ្ជូន ក្នុងគម្រោងឥណទាន របស់សាធារណៈរដ្ឋប្រជាមានិតចិន និងថវិកាជិត ៥ លានដុល្លារអាមេរិក ក្នុងគម្រោងជំរុញការ អភិវឌ្ឍវិស័យថាមពលអគ្គិសនីយូរអង្វែង ដោយប្រើប្រាស់ថវិកា ឥណទានរបស់រាជរដ្ឋាភិបាល) ។
អគ្គិសនីកម្ពុជា សូមបញ្ជាក់ដែរថា អនុស្ថានីយអគ្គិសនីថ្មីនេះ មិនត្រឹមតែផ្តល់ឱ្យប្រជាជន នូវការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងគុណភាពល្អជាងមុន ដោយសារយកប្រភព ខិតមកជិតប្រជាពលរដ្ឋ នៅតំបន់នេះ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ប៉ុណ្ណោះទេ វាជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មីស្រឡាងដែលជាប្រភពផ្គត់ផ្គង់ថ្មី ដល់ក្រុងសំពៅពូន និងស្រុកកោះធំ ខេត្តកណ្តាល ដែលកន្លងមកតំបន់នេះ ត្រូវបានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលមានចម្ងាយជាង ៥០ គីឡូម៉ែត្រ និងបង្កឱ្យមានការរអាក់រអួលជារឿយៗ ។
អនុស្ថានីយ និងខ្សែបញ្ជូន ១១៥ គីឡូវ៉ុលនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម នៅក្រុងសំពៅពូន ស្រុកកោះធំ និងតំបន់ភាគខាងត្បូងតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចូលរួមចំណែកជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ៕