កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ផ្ការីក នៅប្រទេសកម្ពុជា គឺការអភិវឌ្ឍន៍ មានអគារខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អៗ, មិនមែន ផ្ការីក នាំទៅរកសង្គ្រាមនោះឡើយ។
ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពី បុគ្គលចាស់វស្សា រត់ទៅរស់នៅក្រៅប្រទេស បានដាក់ចេញយុទ្ធនាការ ផ្ការីក ដើម្បីដួលរំលំរាជរដ្ឋាភិបាល។
នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីក នៅកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចង់បាន។
សម្តេចបវរធិបតី មានប្រសាសន៍ថា «មានម្នាក់នៅក្រៅប្រទេស គេនិយាយពីផ្ការីក រឿងផ្តួលរាជរដ្ឋាភិបាល កើតសង្គ្រាម។ តែយើងអត់ទេ ផ្ការីក គឺនៃការអភិវឌ្ឍន៍ ហើយដាក់អភិវឌ្ឍវិស័យឯកជននៅទីនេះ (នៅក្រុងអរិយក្សត្រ) ដើម្បីរីកនាំទៅកន្លែងផ្សេងទៀត ឱ្យអភិវឌ្ឍន៍ឱ្យកាន់តែច្រើន ហើយប្រជាពលរដ្ឋប្រែក្លាយពីកន្លែងដែលស្ងាត ទៅជាកន្លែងមនុស្សរស់នៅច្រើន នេះហើយផ្ការីក ដែលយើងចង់បាន គឺផ្ការីកនៃសន្ដិភាព»។
សម្តេចបវរធិបតី បន្ដថា សុខសន្តិភាព ដែលកម្ពុជារកបានក្នុងពេល ២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងមកហើយ សម្រាប់ ៥០០ឆ្នាំកន្លងមក សម្តេច បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះឱ្យខាងតែបាន។
សម្តេចបវរធិបតី បន្ថែមថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជា អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងផងដែរ៕