ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ SoftBank ប្តេជ្ញាវិនិយោគ ១០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក

Kyodo

តូក្យូ៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group Corp លោក Masayoshi Son បានឲ្យដឹងថា ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន បានប្តេជ្ញាចិត្តក្នុងការវិនិយោគក្នុងទឹកប្រាក់ ១០០ពាន់លានដុល្លារ នៅក្នុងគម្រោងរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនផ្សេងទៀតក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

លោក ត្រាំ ដែលឈរជាមួយលោក Son នៅបានជួបគ្នានៅលំនៅដ្ឋាន Mar-a-Lago របស់លោក ត្រាំ នៅក្នុងរដ្ឋ Florida បានសរសើរការវិនិយោគនេះ ដោយថាវានឹងបង្កើតការងារយ៉ាងហោចណាស់ ១០ម៉ឺនកន្លែង នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Son បានប្រាប់សន្និសីទសារព័ត៌មានមួយថា “កម្រិតទំនុកចិត្តរបស់ខ្ញុំ ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងជ័យជម្នះរបស់លោក” នៅក្នុងនោះដែរលោក Son បានប្រាប់សន្និសីទសារព័ត៌មានមួយ ដោយមិនបង្ហាញពីរបៀប ដែលលោកមានបំណងផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ឬថាតើវានឹងជាការចំណាយថ្មីៗប៉ុន្មាននោះទេ។

លោក Son បានធ្វើសេចក្តីប្រកាសស្រដៀងគ្នា កាលពីខែធ្នូ ឆ្នាំ២០១៦ នៅពេលដែលលោក បានជួបជាមួយលោក ត្រាំ ក្នុងទីក្រុង New York មុនពេលអាណត្តិដំបូងរបស់លោក នៅក្នុងសេតវិមាន។ ចំនួនប្រាក់ដុល្លារនៃការវិនិយោគ ដែលបានគ្រោងទុក និងចំនួនការងារដែលរំពឹងទុក គឺមានចំនួនទ្វេដងនៃតួលេខ ដែលបានប្រកាសនៅពេលនោះ ដោយសហគ្រិនជាមហាសេដ្ឋី ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top