ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អះអាងថា អ៊ុយក្រែន បាត់បង់ទាហានជាងកន្លះលាននាក់ ក្នុងឆ្នាំ២០២៤ និងសរុបជាង មួយលាននាក់ ចាប់តាំងពីសង្គ្រាម

Sputnik

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន បានបាត់បង់ទាហាន ជាងកន្លះលាននាក់ក្នុងឆ្នាំ ២០២៤ និងសរុបជាងមួយលាននាក់ ចាប់តាំងពីមានការកើនឡើង នៃជម្លោះជាមួយទីក្រុង មូស្គូក្នុងឆ្នាំ ២០២២។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំបន្ថែមនៃក្រុមប្រឹក្សាការពារជាតិរបស់រុស្ស៊ី រដ្ឋមន្ត្រី លោក Andrey Belousov បានប៉ាន់ប្រមាណថា អង្គភាពភាគច្រើននៃកងទ័ពរបស់ទីក្រុងគៀវ នៅជួរមុខ មានបុគ្គលិកមិនគ្រប់គ្រាន់ ។

លោក Andrey Belousov បន្តថា “សក្ដានុពលប្រយុទ្ធ របស់កងទ័ពរបស់គៀវ ត្រូវបានបំផ្លាញ។ គ្រាន់តែនៅក្នុងឆ្នាំនេះតែម្នាក់ឯង ការខាតបង់របស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន មានលើសពីទាហាន ៥៦០.០០០ នាក់ ទាំងស្លាប់ ឬរបួស” ដោយលោកបានបញ្ជាក់ដោយបន្ថែមថា ក្នុងអំឡុងពេលការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី គឺទីក្រុងគៀវ បានបាត់បង់ទាហានជាង ៤០.០០០ នាក់។

កាលពីដើមខែនេះ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងនៅក្នុងការប្រកាសនៅលើ X ថា ចាប់តាំងពីឆ្នាំ២០២២ មានតែទាហានអ៊ុយក្រែនប្រមាណ ៤៣.០០០ នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់។ ត្រលប់ទៅខែកុម្ភៈ នៃឆ្នាំនេះ លោកបានទទូចថា ទីក្រុងគៀវ បានបាត់បង់កងទ័ពតែ ៣១.០០០ ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយ នៅលោកខាងលិចមានការសង្ស័យ ចំពោះការប៉ាន់ប្រមាណទាំងនោះ។ នៅចុងខែវិច្ឆិកា សារព័ត៌មាន The Economist បានរាយការណ៍ថា ទាហានអ៊ុយក្រែនរហូតដល់កន្លះលាននាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងជម្លោះនេះ ដោយផ្អែកលើរបាយការណ៍ព័ត៌មានសម្ងាត់ដែលលេចធ្លាយ សេចក្តីថ្លែងការណ៍ផ្លូវការ និងប្រភពបើកចំហ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top