យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា លោកស្វាគមន៍ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអន្តរកាលស៊ីរី ក្នុងការការពារជនស៊ីវិល រួមទាំងមនុស្សធម៌ និងកិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងការផ្តល់សិទ្ធិចូលដំណើរការមនុស្សធម៌ពេញលេញតាមរយៈច្រកព្រំដែនទាំងអស់។
លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសស៊ីរី ខ្ញុំបានបញ្ជូនអគ្គលេខាធិការរងរបស់ខ្ញុំ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Tom Fletcher ទៅកាន់ទីក្រុងដាម៉ាស់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលចាំផ្ទះលើការបង្កើនជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ីរី” ។
លោក Fletcher កាលពីថ្ងៃចន្ទបានជួបជាមួយមេបញ្ជាការនៃរដ្ឋបាលស៊ីរីថ្មីលោក Ahmed al-Sharaa និងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះលោក Mohammed al-Bashir នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ប្រធានអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងថា លោកស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចាំផ្ទះ ក្នុងការការពារជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ផងដែរ។
លោកបានលើកឡើងថា”ខ្ញុំក៏ស្វាគមន៍ផងដែរចំពោះកិច្ចព្រមព្រៀងរបស់ពួកគេក្នុងការផ្តល់សិទ្ធិចូលដំណើរការមនុស្សធម៌ពេញលេញតាមរយៈច្រកព្រំដែនទាំងអស់ និងតាមរយៈការអនុញ្ញាត និងទិដ្ឋាការសម្រាប់បុគ្គលិកមនុស្សធម៌ ក៏ដូចជាការធានានូវភាពបន្តនៃសេវាសំខាន់ៗរបស់រដ្ឋាភិបាល រួមទាំងសុខភាព និងការអប់រំ ហើយចូលរួមការសន្ទនាពិតប្រាកដ និងជាក់ស្តែងជាមួយនឹងសហគមន៍មនុស្សធម៌កាន់តែទូលំទូលាយ”៕
ប្រែសម្រួល ឈូក បូរ៉ា