ភ្នំពេញ៖ សាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា “យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដើម្បីរក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវ ផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ” ។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីសុខាភិបាលនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
គោលបំណងនៃជំនួប ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាព កុមារចេនឡាយ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។
សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា “យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវ ផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ”។
ឆ្លើយតបនឹងសំណួររបស់លោកវេជ្ជបណ្ឌិត ចំពោះតម្រូវការរបស់ក្រសួងសុខាភិបាល សាស្ត្រចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត លើជំនាញផ្នែកទារក និងកុមារ ដើម្បីទទួលបានលទ្ធផលធំធេងជាងមុន ជាមួយនឹងការចំណាយទាប ព្រមទាំងធ្វើការពិចារណាក្នុងការពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្ភព ក្នុងការត្រៀមលក្ខណៈសង្គ្រោះគ្រប់ករណីសម្រាលទាំងអស់៕