ភ្នំពេញ ៖ លោក សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់ដាក់ដំណើរការ ប្រតិបត្តិការជាផ្លូវការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ខណៈវឌ្ឍនភាពនៃការសាងសង់ សម្រេចបានប្រមាណ៩២% នៃគម្រោងទាំងមូល ។
ការលើកឡើងរបស់រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ខាងលើនេះធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួល ដោះស្រាយការងារ រៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយគ្រប់ភាគីពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសនេះ ក៏បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើលជាក់ស្តែងនៅលើទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលការងារ២សំខាន់ ក្នុងនោះទី១ អំពីវឌ្ឍនភាពគម្រោង និងទី២ ការកំណត់កាលបរិច្ចេទជាក់លាក់មួយ ដើម្បីបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ ។
ក្រោយកិច្ចប្រជុំ លោក សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ចាក់ថា “ក្រោយពីយើងចុះមើលទីតាំងជាក់ស្តែង និងបន្ទាប់ពីយើងប្រជុំពិនិត្យវាយតម្លៃ យើងបានធ្វើសេចក្តីសន្និដ្ឋានមួយបានថា វឌ្ឍនភាពគម្រោង របស់យើងទាំងស្រុងនេះ រហូតមកដល់ថ្ងៃនេះ សម្រេចបាន ដែលយើងបើកការសាងសង់តាំងពីឆ្នាំ២០២០ រហូតមកដល់ ចុងឆ្នាំ២០២៤នេះ យើងសម្រេចបាន ប្រមាណ៩២% នៃគម្រោងទាំងមូល ។ ជាក់ស្តែងនៅសល់៨%នេះ ដែលកិច្ចការយើងបានពិភាក្សាក្នុងអង្គប្រជុំនេះ ថាតើ៨%ទៀតនឹង យើង Complet បាននៅពេលណា? យើងបានត្រៀមលក្ខណៈហើយ ថាខិតខំប្រឹងប្រែង និងComplet ការងារ៨%នេះ ឱ្យរួចរាល់នៅក្នុងអំឡុងថ្ងៃ៣០មីនា ឆ្នាំ២០២៥ ដែលយើងត្រូវឱ្យ Ready ទាំងអស់” ។
ក្នុងនោះលោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា “មានន័យថា កិច្ចការផ្នែកខាងនាំផ្លូវអាកាស កិច្ចការផ្នែកសាងសង់ និងកិច្ចការវាយតម្លៃផ្តល់ Certificate របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល នឹងឱ្យរួចរាល់នៅថ្ងៃនឹង (៣០មីនា) ។ បន្ទាប់ពីឱ្យរួចរាល់ហើយ យើង Plan តាមពិតយើង Plan ជជែកគ្នា យើងដាក់ថ្ងៃជាក់លាក់មួយហើយ” ។
លោក សយ សុខាន់ បានបញ្ជាក់ថា “ជាគោលការណ៍ណែនាំ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លោកបានឱ្យបញ្ជាក់ថា យើងនឹងសម្រេចបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ យើងប្រើពាក្យអំឡុងពេលវិញ ប៉ុន្តែការជាក់លាក់របស់យើងគឺនៅតែជាក់លាក់” ។
ជាមួយគ្នានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានបញ្ជាក់បន្ថែមថា “យើងបានសម្រេចការងារ បានធំៗ ជាគោល រាល់ការសាងសង់ទាំងប៉ុន្មាននោះ គឺយើងដើរ តាមផែនការ របស់យើង ហើយរវាងក្រុមហ៊ុន CAIC និងអាកាសចរស៍ស៊ីវិល គឺគូភាគីនឹងគឺបានដំណើរការយ៉ាងរលូន ទោះបីយើងនៅក្នុងស្ទះ ឬឧបស័គ្គណាក្តី ឬមួយមានបញ្ហាណាក្តី យើងតែងតែរួមគ្នា ដើម្បីដោះស្រាយ ទោះម៉ោងនេះ គឺយើងពុំមានបញ្ហាអ្វីធំដុំទេ នៅសល់តែតិចតួចដើម្បីយើងត្រៀមរៀបចំនឹង បន្តបញ្ចប់នៅឆ្នាំក្រោយ” ។
ទោះជាយ៉ាងនេះក្តី លោកឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់កិច្ចការងារសេសសល់ ប្រមាណ៨%នេះ គឺនៅសល់តែកិច្ចការងារបំពាក់ឧបករណ៍សម្ភារមួយចំនួន នៅតាមទីតាំងនីមួយៗតែប៉ុណ្ណោះ នឹងបញ្ចប់លើគម្រោងទាំងមូល ហើយអាចដំណើរការទៅបាន ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៩២ភាគរយហើយ ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុមហ៊ុន CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជី មានរហូតដល់១២០លានដុល្លារអាមេរិក ដែលគ្រោងបើដំណើរការប្រតិបត្តិការ ហោះហើរជាផ្លូវការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ៕