ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្ដល់លើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ហើយការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍ ដែលបច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ ៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១ ៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។

សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ភាពជោគជ័យ, បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់បណ្ដាក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ផងដែរ។

តបតាមសំណូមពររបស់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាលើវិធានការមួយចំនួនបន្ថែមទៀត ដើម្បីលើកយោបល់សុំការសម្រេចពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ង់ត៍ ក្នុងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកដែលមានគុណភាពខ្ពស់ និងតម្លៃសមសមរម្យ ដើម្បីជួយជាប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់៕

To Top