ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៩-២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។
អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរម រាជវាំង។
ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ ទានព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។
ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ ៕