តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. និងក្រុមហ៊ុន Nissan Motor Co. អាចពង្រឹងអាជីវកម្ម រថយន្តអគ្គិសនី ដែលកំពុងជួបការ លំបាករបស់ពួកគេ តាមរយៈការរួមបញ្ចូលគ្នា ចែករំលែកការចំណាយ លើការអភិវឌ្ឍន៍យ៉ាងច្រើន និងការប្រើប្រាស់គ្រឿង បន្លាស់ទូទៅ សម្រាប់រថយន្ត EVs ដែលអាចផ្លាស់ប្តូរ រូបរាងឧស្សាហកម្ម រថយន្តពិភពលោកឡើងវិញ ។
ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តលេខ ២ និងលេខ ៣ របស់ប្រទេសជប៉ុន តាមបរិមាណកំពុង ពិភាក្សាលើការរួមបញ្ចូលគ្នា នៅក្រោមក្រុមហ៊ុនកាន់កាប់ ដ៏ធំមួយរបស់ពិភពលោក នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការពិភាក្សាលើកិច្ចព្រមព្រៀងដែលនឹងបង្កើតសម្ព័ន្ធភាពរថយន្តធំជាងគេទី ៣ របស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen ធ្វើតាមកិច្ចព្រមព្រៀង ខែមីនា របស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរ ដើម្បីធ្វើការសិក្សាលទ្ធភាព លើភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការផលិតរថយន្ដ EV និងបច្ចេកវិទ្យាសូហ្វវែរ ដើម្បីប្រកួតប្រជែងជាមួយ គូប្រជែងនៅក្រៅប្រទេស ដូចជា Tesla Inc. និង BYD Co. ជាដើម។
ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan កំពុងរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ របស់ពួកគេនៅក្នុងប្រទេសចិន ដើម្បីស្តារការលក់ដែលធ្លាក់ ចុះចំពេលមានការប្រកួតប្រជែង ដ៏ខ្លាំងក្លាពីគូប្រជែងក្នុងស្រុកដូចជា BYD ដែលកំពុងទទួលបានចំណែកទីផ្សារជាមួយនឹងរថយន្ត ដែលប្រើថាមពលអាគុយ ដែលមានតម្លៃសមរម្យ។
ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានណែនាំរថយន្ត EV ស៊េរីថ្មីតិចជាងមុននៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលពួកគេប្រជែង ជាមួយនឹងការកើនឡើងនៃការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ មិនត្រឹមតែសម្រាប់ រថយន្តគ្មានការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យាទំនើបៗដូចជារថយន្តស្វយ័ត ការតភ្ជាប់ និងរថយន្តរួមគ្នា ស្រដៀងទៅនឹងក្រុមហ៊ុនផលិត រថយន្តសកលជាច្រើនទៀតផងដែរ។
លោក Jin Tang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅធនាគារ Mizuho Bank បានឲ្យដឹងថា “វាដល់ពេលហើយ ដើម្បីពន្លឿនការ អភិវឌ្ឍន៍រថយន្ដ EVs ជាជាងធ្វើឱ្យយឺត” ។ ការលក់រថយន្ត EV សកលត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៧ ដងពីកម្រិតឆនាំ២០២៣ ដល់ ៥៧,១៤លានគ្រឿង ក្នុងឆ្នាំ២០៤០ នេះបើយោង តាមក្រុមហ៊ុនស្រាវជ្រាវ Fuji Keizai Group ៕
ប្រែសម្រួល ឈូក បូរ៉ា