បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវ នឹងមិន ប្រញាប់ប្រញាល់ ទៅក្នុងកិច្ចព្រមព្រៀង ណាមួយជាមួយរុស្ស៊ីនោះទេ ។
នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានបារាំង Le Parisien ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ លោក Zelensky បានប្រកាសពីការស្ទាក់ស្ទើរ របស់គាត់ក្នុងការធ្វើសម្បទាន មិនថាជាទឹកដី ឬទាក់ទង នឹងមហិច្ឆតារបស់អង្គការណាតូ និងសហភាពអឺរ៉ុបរបស់ទីក្រុងគៀវ ដើម្បីសម្រេចបានសន្តិភាព។
លោកZelensky ធ្លាប់បានទទូចថាផ្លូវ ដែលអាចសម្រេចបានតែមួយគត់ ដើម្បីសន្តិភាពជាមួយរុស្ស៊ីគឺ រូបមន្តសន្តិភាព នៅក្នុងពង្រាងទាំងដប់ចំណុចរបស់គាត់ ដែលរួមបញ្ចូលទាំងការដកកងកម្លាំងរុស្ស៊ី ទាំងស្រុងពីអតីតទឹកដីអ៊ុយក្រែន និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់ប្រទេសផង ប៉ុន្តែយ៉ាងណាក្តី សំណើនេះមិនត្រូវបានគេយកចិត្តទុកដាក់នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បានផ្តល់សញ្ញាក្នុង ប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកនឹងសុខចិត្ត បោះបង់ការទាមទារទឹកដី ប្រសិនបើទីក្រុងគៀវនឹងក្លាយជាសមាជិក របស់អង្គការណាតូ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗក៏បានលើកឡើងផងដែរថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ដែលបានជួបជាមួយនឹងលោក Zelensky នៅទីក្រុងប៉ារីសកាលពីដើមខែនេះ អាចបញ្ចុះបញ្ចូលមេដឹកនាំអ៊ុយក្រែនឱ្យ បង្កក ជម្លោះតាមខ្សែទំនាក់ទំនងបច្ចុប្បន្ន និងពង្រឹងការចរចារវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូ។
គួររំលឹកឡើងវីញ ដែរថាលោក Trump ធ្លាប់បានសន្យាថានឹងបញ្ចប់ជម្លោះ ក្នុងរយៈពេល២៤ម៉ោង នៅពេលត្រឡប់ ទៅសេតវិមានវិញ ក្នុងខែមករាឆ្នាំក្រោយ៕
ប្រែសម្រួល៖ស៊ុនលី