ព័ត៌មានជាតិ

លោកបណ្ឌិតជាមុនីឫទ្ធិ ៖ ដំណើរបំពេញព្រះរាជ ទស្សនកិច្ចរបស់ ព្រះមហាក្សត្រកម្ពុជា ទៅកាន់ខេត្តហៃណាន គឺជាការចាក់បញ្ចូល នូវគុណតម្លៃ ដ៏មហាសាល នៃទំនាក់ទំនងយ៉ាងរឹងមាំ

ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញ ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូល នូវគុណតម្លៃ ដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណី រវាងប្រទេសយើងទាំងពីរ ។

លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្ត នៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីក នូវផលប្រយោជន៍ កាន់តែធំ និងច្រើនមហាសាលបន្ថែមទៀតដល់ប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ជាការប្រកាសត្រៀមបើកទំព័រថ្មី ឆ្នាំ២០២៥ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដោយសារខេត្តហៃណាន ក៏ជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ និងមានភាពស្រដៀងគ្នាខ្លាំងនឹងប្រទេសកម្ពុជា ប្រសិនជាយើងពិនិត្យលើជ្រុងនៃអាកាសធាតុ ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សព្វព្រះរាជហឬទ័យស្តេច យាងបំពេញ ព្រះរាជទស្សនកិច្ច ទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន ។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជទាន ព្រះរាជសវនាការដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ ។

ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕

To Top