ព័ត៌មានជាតិ

សម្តេចធិបតី៖ ការវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងការគាំទ្ររបស់ពលរដ្ឋជាម្ចាស់ឆ្នោត

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបន្តវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធីឱ្យចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ លើបញ្ហាដីធ្លីនេះ ជាពិសេសរាជរដ្ឋាភិបាល បានខិតខំដោះស្រាយរាល់ទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋទៅតាមយន្តការនានា ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “នេះជាអ្វីដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តខិតខំដឹកនាំ ដើម្បីឆ្លើយតប ជាមួយនឹងប្រជាពលដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោត ផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល ដល់គណបក្សប្រជាកម្ពុជា ដើម្បីឱ្យបម្រើដល់ប្រជាជន ចឹងកាប្តេជ្ញាចិត្តរបស់យើង ក្នុងវិស័យដីធ្លី គឺមានតែខិតខំធ្វើយ៉ាងណា វាស់វែងឱ្យចប់ ផ្តល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ហើយបង្កលក្ខណៈឱ្យកាន់តែមានតម្លៃ និងមានឱកាសច្រើន នៅក្នុងការប្រើប្រាស់ដីធ្លី ឱ្យប្រជាជននៅគ្រប់ទីកន្លែងបានផល នេះហើយជាការប្តេជ្ញាចិត្ត”។

សូមបញ្ជាក់ថា ខេត្តកំពង់ចាម បានក្លាយជាខេត្តដែលត្រូវបានប្រកាស ជាខេត្តដំបូងគេបញ្ចប់ការវាស់វែង ដីធ្លីមានលក្ខណៈជាប្រព័ន្ធ៕

To Top