ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាល ប្រើវិធីសាស្ត្រត្រឹមត្រូវ ក្នុងការដោះស្រាយវិវាទ ដីធ្លីជូនពលរដ្ឋ មិនមែនបានតែនិយាយ លើបណ្តាញសង្គមនោះទេ

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់អ្នកដែលនិយាយថា រាជរដ្ឋាភិបាល ធ្វើបាបប្រជាពលរដ្ឋ មិនគិតគូពីប្រជាពលរដ្ឋរឿងដីធ្លីវិញថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវ ​តាមយន្តការពិត ក្រុមការងារពិត និង ប្រើបច្ចេកវិទ្យាពិត វាស់វែងពិត ចែកពិតជូន ប្រជាពលរដ្ឋ មិនមែនចែកតាមហ្វេសប៊ុកនោះទេ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ បន្ទាប់ពីមានក្រុមប្រឆាំ នៅក្រៅប្រទេស ដែលតែងតែធ្វើសកម្មភាព តាមហ្វេសប៊ុក និងតាំងខ្លួនជារាជរដ្ឋាភិបាលហ្វេសប៊ុក ព្រមទាំងមានជានាយករដ្ឋមន្ត្រី លើបណ្តាញសង្គមទៀតផង នោះ ដែលតែងតែប្រើប្រាស់វិធីសាស្ត្រនានា ដើម្បីញុះញ៉ង និងចែកចាយព័ត៌មានមិនពិត ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសជុំវិញបញ្ហាដីធ្លី ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋ និងមិនបានគិតគូពីប្រជាពលរដ្ឋ ជុំវិញបញ្ហាដីធ្លី ដូចដែលអ្វីគេលើឡើងលើបណ្តាញសង្គមនោះ មិនមែន រាជរដ្ឋាភិបាល ដាក់ចេញគោលការណ៍ ដើ ម្បីរៀបចំការវាស់វែង និងចែកប័ណ្ណរាប់លានក្បាលដី ជូនដល់ដៃប្រជាពលរដ្ឋនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជំលោះវិវាទយើងមានពិតណាស់ ប៉ុន្តែការឈានដល់ការបញ្ចប់ និងការដោះស្រាយចំពោះមុខ យើងត្រូវធ្វើ តាមវិធីសាស្ត្រត្រឹមត្រូវ យើងមិនដោះស្រាយតាមហ្វេសប៊ុកទេ យើងមិន ដោះស្រាយតាមយន្តការត្រឹមស្រែកអាឡេអាឡូនោះទេ យើងដោះស្រាយ​តាមយន្តការពិត ក្រុមការងារពិត ទម្លាក់ថវិកាពិត ដាក់គោលនយោបាយ ប្រើបច្ចេកវិទ្យាពិត វាស់វែងពិត ធ្វើបានពិត ចែកពិតជូនប្រជាពលរដ្ឋ មិនមែនចែកលើ តាមហ្វេសប៊ុកនោះទេ” ។

ក្នុងនោះសម្តេចធិបតី ក៏មានប្រសាសន៍បញ្ជាក់បន្ថែមថា “រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមែនរដ្ឋាភិបាលហ្វេសប៊ុកទេ យើងធ្វើអ្វីយើងធ្វើពិត ជាក់ស្តែងលើដី ជូនប្រជាពលរដ្ឋ”៕

To Top